ផ្ទុះការមិនពេញចិត្ត ក្រោយឃើញមានឈុតបង្ហាញពីល្បែ..ងស៊ី.ស-.ង ក្នុងកម្មវិធី Miss Grand Cambodia 2022
នារាត្រីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់។
វគ្គនេះដែរ មហាជនបានកត់សម្គាល់ឃើញមានបង្ហាញឈុតជាច្រើនដែលសម្តែងចេញឱ្យពីអត្តសញ្ញាណខេត្ត-ក្រុងនីមួយៗក្នុងប្រទេសកម្ពុជា ដែលមានភាពស្រស់ស្អាត ប្រណីត និង ទាក់ទាញភ្នែក ព្រមជាមួយអត្ថន័យ រហូតទទួលបានការលើកសរសើរយ៉ាងច្រើន។
យ៉ាងណាមិញ ក្នុងចំណោមឈុតដែលបានទទួលការលើកសរសើរនោះ ក៏មានឈុតតំណាងខេត្ត-ក្រុងល្បីរបស់កម្ពុជាមួយចំនួនទទួលបានការមិនពេញចិត្តផងដែរ មានដូចជាឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត ដែលឈុតទាំងពីរនេះបានឆ្លុះបង្ហាញពីភាពមិនសមរម្យ រៀបរាប់ពីប្រភេទល្បែងស៊ីសង រហូតដល់មានសាធារណមិតរិះគន់យ៉ាងខ្លាំងដល់ម្ចាស់កម្មវិធី និង អ្នកច្នៃឈុតនេះ។
ជាមួយគ្នានេះដែរ បើតាមទំព័រហ្វេសប៊ុកផេក បុរាណាចារ្យ ក៏បានសម្តែងការមិនពេញចិត្តរហូតដល់បង្ហោះសារលើហ្វេសប៊ុកថែមទៀតថា យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង ២ នេះ ព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងទេ ហើយល្បែងស៊ីសង គ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ៕