ផ្ទុះល្បីផ្អើលថា លែងលះគ្នា ឥលូវ Vincent Wong និងប្រពន្ធ ចេញមុខបកស្រាយហើយ
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងប្រុសប្រចាំប៉ុស្តិ៍ TVB លោក Vincent Wong ហាក់ផ្ទុះផ្អើលខ្លាំង ថារូបលោកបានដាក់ពាក្យលែងលះគ្នាជាមួយភរិយា Yoyo Chen ជាផ្លូវការហើយ ក្រោយរួមរស់នឹងគ្នាអស់រយៈពេលជិត ១១ ឆ្នាំ។
ទស្សាវដ្តីក្នុងតំបន់មួយ បានចេញផ្សាយថា តារាប្រុស Vincent និង Yoyo បានលែងលះគ្នាជាផ្លូវការហើយ ដោយទស្សនាវដ្តីដដែលបានលើកចំណុចមួយមកថាតារាស្រី Yoyo គឺបានឆ្លងកាត់ការព្យាបាលមួយចំនួនជុំវិញបញ្ហាផ្លូវអារម្មណ៍មិនល្អរបស់នាង ខណៈ Vincent បានផ្ដោតទៅលើការងារ និង អភិវឌ្ឍអាជីពរបស់ខ្លួន។
ខណៈចចាមអារ៉ាមមួយនេះហាក់ផ្ទុះផ្អើលខ្លាំងពាសពេញបណ្ដាញសង្គមនៅចិន មិនទុកយូរ តារាប្រុសរូបសង្ហា Vincent Wong ក៏បានចេញមុខបញ្ជាក់ឱ្យអ្នកគាំទ្រដឹងច្បាស់ៗថា បច្ចុប្បន្នចំណងស្នេហ៍រវាងលោក និង ភរិយា គឺនៅតែល្អដូចដើមនោះទេ មិនមានប្រេះឆា ចែកផ្លូវគ្នាដូចព័ត៌មានលើកឡើងនោះឡើយ។ ខណៈភរិយាលោក Yoyo ក៏បានចេញមុខបង្ហោះលើបណ្ដាញសង្គមរបស់នាងបដិសេធនឹងចចាមអារ៉ាមមួយនេះដែរថា ៖ «ខ្ញុំនឹងមិនធ្វើការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយចាប់ពីថ្ងៃនេះតទៅ។ អរគុណចំពោះការបារម្ភរបស់អ្នកទាំងអស់គ្នា»។
គួររំឭកថា តារាសម្ដែង Vincent Wong និង តារាស្រី Yoyo Chen បានចាប់ដៃគ្នារៀបការកាលពីខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅ ដោយពួកគេទាំង ២ ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ ជាតំណក់ឈាមរួមគ្នាផងដែរ។ ដោយឡែក ចំណងអាពាហ៍ពិពាហ៍រវាងតារាល្បីមួយគូនេះ ហាក់ជួបប្រទះរឿងរកាំរកូសញឹកញាប់ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចចាមអារ៉ាមជាច្រើន តែងលេចឡើងថា ពួកគេបានលែងលះគ្នា និង បានបញ្ចប់ចំណងស្នេហ៍យូរឆ្នាំនេះផងដែរ៕