ឌីជេ ឡាយអ៊ិន ទទួលបានឱកាសចាប់ផ្ដើមជីវិតថ្មី ក្រោយជាប់ពន្ធនាគារជិត ៣ ឆ្នាំ
អតីតពិធីករធ្លាប់ទទួលបានប្រជាប្រិយភាពពីមហាជន ឌីជេ ឡាយអ៊ិន ត្រូវបាន លោក ឌួង ឆាយ ផ្ដល់ឱកាសការងារដើម្បីកែប្រែខ្លួនឡើងវិញ បន្ទាប់ពីលោកជាប់ពន្ធនាគាររយៈពេលប្រមាណជា ៣ ឆ្នាំ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និង រក្សាទុកអាវុធខុសច្បាស់ ដោយត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ។
ក្រោយបាត់មុខអស់រយៈពេលជិត ៣ ឆ្នាំ ស្រាប់តែនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ បានបង្ហាញមុខជាថ្មីនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយត្រឡប់មកលើកនេះ ឌីជេ ឡាយអ៊ិន បានប្រកាសដឹងកំហុស និង បានសុំការអភ័យទោសពីសំណាក់ទស្សនិកជន ព្រោះថាលោកនៅមានកូន ៣ នាក់ទៀតជាកម្លាំងចិត្ត ហើយពួកគេក៏សូមឱ្យលោកក្រោកឡើងតស៊ូកសាងកិត្តិយសឡើងវិញ។
ដោយមើលឃើញពីការចេះភ្ញាក់រឭកដឹងពីកំហុសរបស់ ឌីជេ ឡាយអ៊ិន ក្នុងនោះ លោក ឌួង ឆាយ បានផ្ដល់ឱកាសការងារដល់លោក ដោយផ្ដល់ប្រាក់ខែ ប្រាក់កម្រៃផ្សេងៗដើម្បីឱ្យលោកចាប់ផ្ដើមជីវិតជាថ្មី កែប្រែខ្លួនឡើងវិញ៕
ប្រភព៖ សិល្បករកម្ពុជា