Miss Grand កម្ពុជា បញ្ចេញមកុដថ្មីតម្លៃ ២៥ ម៉ឺន ដាំពេជ្រសុទ្ធរាប់រយគ្រាប់ ត្បូងខ្លះសល់តាំងពីឆ្នាំ ១៩៨៦
កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Cambodia ក្រោយពីបានបើកបង្ហាញបេក្ខភាពប្រកួតជាផ្លូវការ ពេលនេះកម្មវិធីត្រៀមនឹងរៀបចំការប្រកួតជ្រើសរើសរាជិនីមកុដប្រចាំឆ្នាំ ២០២២ នេះហើយ ដែលកំពុងតែរៀបចំប្រកួតលើវិញ្ញាសារជាបន្តបន្ទាប់។
ដោយឡែក ស្របពេលកម្មវិធីកំពុងត្រៀមបើកដំណើការប្រកួតជាផ្លូវការឆាប់ៗនេះ ស្ថាប័ន Miss Grand Cambodia ក៏បានធ្វើការបើកបង្ហាញមកុដថ្មីសម្រាប់បំពាក់លើម្ចាស់ជ័យលាភីប្រចាំឆ្នាំ ២០២២ នេះហើយ មើលទៅពិតជាស្រស់ស្អាតខ្លាំងរចនាឡើងមានក្បូរក្បាច់បែបខ្មែរយ៉ាងប្រណីតជាប់ចិត្ត និង ពេញដោយអត្ថន័យ។ លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ស្ថាប័នក៏បានបង្ហាញពីតម្លៃនៃមកុដដ៏ប្រណីតមួយនេះ ដែលមានតម្លៃរហូតដល់ទៅ ២៥ ម៉ឺនដុល្លារឯណោះ។
ជាមួយគ្នានោះ ស្ថាប័នក៏បានធ្វើការរៀបរាប់ពីអត្ថន័យនៃមកុដថ្មីនេះផងដែរថា ៖ «សូមបង្ហាញមកុដជាផ្លូវការរបស់ Miss Grand Cambodia 2022 ដែលមានតម្លៃ ២៥ ម៉ឺនដុល្លារអាមេរិកដែលឆ្លុះបង្ហាញអំពីអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា៖
-តួមកុដធ្វើអំពីផ្លាកទីនទឹកប្រាំពីរ និង រចនាបថក្បាច់ប្រាសាទអង្គរវត្ត
-ប្រើពេជ្រសុទ្ធទឹក D ប្រាំពីរលីកន្លះចំនួន ៥ គ្រាប់នឹងពេជ្រ ៣ លីចំនួន ៥០០ គ្រាប់
-ត្បូងទទឹមបរប៉ៃលិនចំនួន ៥០ គ្រាប់ដែលមានទឹកក្រហមក្រម៉ៅចាស់ដែលបានរក្សាទុកតាំងពីឆ្នាំ ១៩៨៦
ចំពោះអត្ថន័យរបស់មកុដនិងធ្វើការបកស្រាយនៅលើ VIDEO បន្ទាប់»៕