តារាសម្តែង ឌី លីណា វិលមកលេងស្រុកកំណើតស្ងាត់ៗ ក្រោយចាកចេញទៅរស់នៅឯនាយសមុទ្រ
បើរំឭកកាលពីអំឡុងឆ្នាំ ២០០០ មហាជននិយមតាមដានចម្រៀងកាយវិការ និង ខ្សែភាពយន្តច្បាស់ជានៅចាំនៅឡើយតារាសម្តែងស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង ឌី លីណា ដែលជាតារាស្រីនិយមសម្តែងជាតួអង្គឆ្នាសឆ្នើមច្រើនជាងស្លូតបូត។
អ្នកនាង ឌី លីណា មិនត្រឹមតែជាតារាសម្តែងនោះទេ តែអ្នកនាងក៏ជាពិធីការិនីល្បីឈ្មោះប្រចាំស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ ១១ និង ប៉ុស្តិ៍លេខ ៥ ជំនាន់លោកជំទាវ ម៉ៅ ចំណាន និង លោក ឈួន សុខច័ន្ទ កាលនៅមានជីវិតផងដែរ។
អ្នកនាង ឌី លីណា បានបានផ្អាកពីសិល្បៈមួយរយៈធំកាលពីអំឡុងឆ្នាំ ២០១៦ ដោយសាររវល់នឹងមុខជំនួយ ព្រមតាំងត្រូវបំពេញតួនាទីភរិយា និង ជាម្តាយ ព្រោះអ្នកនាងបានរៀបការជាមួយនឹងស្វាមីជាអនិកជនខ្មែរ-អាមេរិក ដែលគេដឹងថាជាឧកញ៉ាមានឈ្មោះ ម៉ី រដ្ឋា តាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ។ សព្វថ្ងៃអ្នកនាងមានកូនស្រី ២ នាក់ និង ប្រុស ១ នាក់ហើយដែរ។ ក្នុងនោះ ក្រោយបោះបង់អាជីពជាតារាសម្តែង អ្នកនាង ឌី លីណា ក៏បានមានអាជីវកម្មផ្ទាល់ខ្លួននៅឯសហរដ្ឋអាមេរិក ដូចជាហាងលក់គ្រឿងអលង្ការ ព្រមទាំងលក់ផលិតផលសម្រស់តាមអនឡាញផងដែរ។
យ៉ាងណាមុនពេលបាត់មុខលើវិថីសិល្បៈទាំងស្រុងកាលពីឆ្នាំ ២០១៨ អ្នកនាង ឌី លីណា ក៏បានសាងកេរ្តិ៍ឈ្មោះសម្តែងក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដោយក្នុងនោះរួមមានរឿង «ពស់កេងកង» របស់ស្ថានីយ៍ PNN ផងដែរ។
ដោយឡែក កាលពីខែកក្កដា ឆ្នាំ ២០២២ អ្នកនាង ឌី លីណា និង ស្វាមី ព្រមទាំងកូនៗបានវិលត្រឡប់មកលេងស្រុកកំណើតវិញ ដោយអ្នកនាងក៏បានចំណាយពេលជួបជុំមិត្តចាស់ៗជាសិល្បករ-ការិនី ព្រមទាំងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនកន្លែង មុននឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅចុងខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ៕