នៅ single ៦ ឆ្នាំ Nancy Wu ដាច់ចិត្តសារភាពម៉ាត់ៗថា ពិបាករកសង្សារស្អំបេះដូងនឹងគេ
តារាសម្ដែងហុងកុង នាង Nancy Wu គិតមកទល់ពេលនេះ នាងនៅរក្សាភាពខ្លួនមួយអស់រយៈពេល ៦ ឆ្នាំមកហើយ ដោយឥលូវនាងសារភាពក្ដែងៗថា ពិបាកណាស់ក្នុងការស្វែងរកសង្សារម្នាក់នោះ។
តាមការចេញផ្សាយរបស់ Mingpao Weekly កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ បានឱ្យដឹងថា តារាសម្ដែងរូបស្រស់វ័យ ៤១ ឆ្នាំរូបនេះ បានទម្លាយលែងលាក់បាំងថា មិត្តភក្តិរបស់នាងមួយចំនួន បានធ្វើការផ្គូផ្គងគូឱ្យនាង ប៉ុន្តែមិនមាននរណាម្នាក់ត្រូវចិត្តនោះឡើយ។ Nancy ក៏សង្ឃឹមដែរថា រូបនាងនឹងអាចរកបានបុរសម្នាក់ដែលស័ក្តិសមនឹងនាងឆាប់ៗនេះ។
Nancy Wu មានអារម្មណ៍ថា ការលង់ស្រឡាញ់គ្នា នាងអាចនឹងជួបប្រទះបញ្ហា និង ប្រឈមមុខនឹងការប្រកួតប្រជែងច្រើន។ នាងបាននិយាយថា ៖«ពេលខ្លះ រូបខ្ញុំគឺមានហេតុផលពេក ដូច្នេះវាគឺរឹតតែកាន់តែពិបាកក្នុងការស្រឡាញ់គ្នា។ កាលពីមុន ខ្ញុំគឺឆាប់អន់ចិត្តណាស់ ខ្ញុំចូលចិត្តការណាត់ជួប ហើយមិនដែលគិតខ្វល់ពីលទ្ធផលតាមក្រោយយ៉ាងមិចនោះឡើយ ប៉ុន្តែឥលូវនេះ ខ្ញុំត្រូវការអ្នកកំដរ មករួមដំណើរជីវិតជាមួយគ្នា។ យើងអាចចាប់ផ្ដើមជាមួយគ្នា ស្វែងយល់ចិត្តគ្នាយឺតៗតាមដំណើរក៏បាន»។
ផ្ទុយពីជីវិតស្នេហា បច្ចុប្បន្ន Nancy Wu គឺមានការពេញចិត្តខ្លាំងជាមួយអាជីពការងារ និងរបៀបរបបរស់នៅរបស់នាង។ ក្រោយចាកចេញពីទូរទស្សន៍ TVB កាលពីឆ្នាំ ២០២០ មក ស្រីស្រស់រូបនេះ ក៏បានចុះកុងត្រាជាមួយក្រុមហ៊ុនថ្មីហើយដែរ។ ក្រៅពីការងារ Nancy ក៏មិនដែលភ្លេចខ្លួនថែរក្សាសុខភាពរបស់នាងនោះឡើយ ដោយទំនេរពីការងារ នាងតែងតែទៅហាត់ប្រាណជាញឹកញាប់៕