កាក់កបណាស់! Eunwoo កំពុងពិភាក្សាឱកាសធ្វើតួឯកក្នុងរឿងថ្មីៗ ច្រើនមិនធម្មតាទេ!
ថ្មីៗនេះកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ បុរសសង្ហា Cha Eunwoo ដែលជាសមាជិកក្នុងក្រុមចម្រៀង Astro និងថែមទាំងជាតារាសម្ដែងដ៏មានប្រជាប្រិយក្នុងប្រទេសកូរ៉េត្រូវបានរាយការណ៍ថាកំពុងតែស្ថិតក្នុងការពិភាក្សាសម្រាប់សម្ដែងជាតួឯកប្រុស ក្នុងរឿងដែលដកចេញពី Webtoon ដែលមានចំណងជើងថា «A Good Day to Be a Dog»។
រឿង «A Good Day to Be a Dog» គឺជារឿងរៀបរាប់ពីខ្សែជីវិតរបស់ស្ដ្រីម្នាក់មានឈ្មោះថា Han Haena ដែលនាងបានជាប់បណ្តាសានឹងក្លាយជាសត្វឆ្កែ ជារៀងរាល់ពេលដែលនាងថើបបុរសម្ដងៗ។
យ៉ាងណាមិញ កាលពីដើមខែនេះ ក៏មានការរាយការណ៍មួយដែរថា Cha Eunwoo ក៏កំពុងតែពិនិត្យ និងស្ថិតក្នុងការពិភាក្សាដែលសម្ដែងជាតួឯកប្រុសនៅក្នុងរឿងថ្មីមួយទៀត ដែលជារឿងដែលនិពន្ធដោយលោក Noh Jiseol និងដឹកនាំដោយលោក Nam Jihoon មានចំណងជើងថា «Irresistible Love» ផងដែរ។
ទន្ទឹមនឹងនេះ ទស្សនិកជន ជាពិសេសអ្នកគាំទ្រលោក Cha Eunwoo ផ្ទាល់នឹងបានឃើញលោកសម្ដែងក្នុងរឿងដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ គឺរឿង series ថ្មីមានចំណងជើងថា «Island»៕