មានគូស្នេហ៍ជាស្រីមែន តែ លី អ៊ីវ៉ាធីណា មានកូនជុំខ្លួនព្រោងព្រាត តាមពិតអ៊ីចឹងសោះ!
បើគិតមកដល់ពេលនេះរយៈពេលប្រមាណកន្លះឆ្នាំមកហើយ ដែលតារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា បានបង្ហាញមុខគូស្នេហ៍ជាស្រីដូចគ្នាមិនលាក់លៀម។ ក្រោយពីប្រកាសជាសាធារណៈពីចំណងស្នេហ៍ហើយ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ ក៏ហាក់មើលទៅកាន់តែមានសុភមង្គលខ្លាំងឡើងៗថែមទៀតផង។
ជាការពិតណាស់ បើទោះជាមានគូស្នហ៍ជាស្រីដូចគ្នាក៏ពិតមែន ប៉ុន្តែកញ្ញា លី អ៊ីវ៉ាធីណា ក៏ធ្លាប់ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការយល់ច្រឡំថា កញ្ញាមានកូនរួចទៅហើយ ក៏ព្រោះជារឿយៗកញ្ញាតែងតែបង្ហោះរូបថតជាមួយនឹងកូនក្មេង ព្រមទាំងបន្ថែមសារថាជាកូនរបស់កញ្ញាថែមទៀតផង តែការពិត ក្មេងៗដែលកញ្ញា លី អ៊ីវ៉ាធីណា បានបង្ហោះរូបជាមួយហៅកូនៗនោះ គឺជាកូនរបស់បងប្អូន និង មិត្តស្និទ្ធស្នាលប៉ុណ្ណោះ។
យ៉ាងណាមិញ បើធ្លាប់មានការយល់ច្រឡំថាខ្លួនមានកូនហើយក្តី ក៏កញ្ញា លី អ៊ីវ៉ាធីណា ក៏ហាក់មិនខឹង និង បកស្រាយអ្វីនោះដែរ ក៏ព្រោះតែកញ្ញាពិតជាចាត់ទុកថាខ្លួនជាម្តាយរបស់ក្មេងៗទាំងនោះពិតមែន។ កញ្ញាស្រឡាញ់ក្មេងៗ ហើយថែមទាំងមើលថែ និង ទិញសម្ភារប្រើប្រាស់ផ្សេងៗឱ្យក្មេងៗទាំងនោះ ដូចជាកូនបង្កើតរបស់កញ្ញាទៀតផង៕