ចេញចម្រៀងថ្មីលើកនេះ BLACKPINK វាយលុកខ្លាំង ត្រៀមឡើងសម្តែងលើឆាកអាមេរិកល្បី VMAs
ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបរំជើបរំជួលមិនតិចនោះទេ ព្រោះក្រោយស្ងាត់បាត់មុខចម្រៀងជាលក្ខណៈក្រុមជាង ២ ឆ្នាំ ពេលនេះក្រុមចម្រៀងនារីល្បី BlackPink បានត្រៀមខ្លួនត្រឡប់មកអង្រួនវិស័យ K-pop តាមរយៈអាល់ប៊ុមចម្រៀងថ្មីទៀតហើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នេះ ខាងផលិតកម្ម YG ជាទ្រនំរបស់ BlackPink ផ្ទាល់ បានទម្លាយឱ្យដឹងថា ក្រុមមួយនេះនឹងត្រឡប់មកវិញ នៅក្នុងខែសីហា ឆ្នាំ ២០២២ នេះឯង។ ក្នុងនោះ នាយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ខាង BLACKPINK ក៏បានទម្លាក់វីដេអូ Teaser ដំបូងនៃអាល់ប៊ុមថ្មីរបស់ខ្លួនហើយ ដែលពិតជាធ្វើឱ្យការភ្ញាក់ផ្អើលរំភើបយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រតែម្តង។
ក្នុងនោះ អាល់ប៊ុមថ្មីនេះ មានចំណងជើង ថា «BORN PINK» ។ បើតាមការឱ្យដឹង BLACKPINK នឹងបញ្ចេញចម្រៀង Pre-Release របស់ខ្លួនមួយបទ ដែលមានចំណងជើងថា «PINK VENOM» នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះសិន ទើបបញ្ចេញអាល់ប៊ុមពេញបន្តទៀតនៅខែកញ្ញា បន្ទាប់មកក៏នឹងចាប់ផ្តើមការប្រគំតន្ត្រីដ៏ធំជុំវិញពិភពលោកតាមក្រោយទៀត នៅខែតុលា ឆ្នាំ ២០២២ ខាងមុខនេះឯង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ នៅមិនទាន់នឹងបាត់រំភើបកញ្ជ្រោលជាមួយការត្រលប់មកវិញរបស់ BLACKPINK មួយនេះផង ស្រាប់តែមានព័ត៌មានបានឱ្យដឹងថា ក្រុមមួយនេះកំពុងតែត្រៀមខ្លួនឡើងសម្តែងបង្អួតចម្រៀងថ្មីរបស់ខ្លួន នៅលើកម្មវិធីល្បីមួយទៀតហើយ។
ក្នុងនោះ BLACKPINK នឹងឡើងសម្តែងនៅលើឆាករបស់ VMAS ដែលជាកម្មវីធីប្រគល់ពានរង្វាន់ដល់តារាៗល្បីដ៏ធំប្រចាំឆ្នាំរបស់អាមេរិក នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ព្រមជាមួយនឹងវត្តមានរបស់កំពូលតារាៗជាច្រើនផងដែរ។ ចំណែកមហាជនអ្នកគាំទ្រវិញ ពិតជាគាំទ្រយ៉ាងពេញទំហឹងតែម្តង ហើយគេក៏សង្ឃឹមថា ការត្រឡប់មកលើកនេះ BLACKPINK នឹងកាន់តែអង្រួនបេះដូងអ្នកស្រឡាញ់ K-pop ជុំវិញពិភពលោកដូចគ្នា៕