ឱក សុគន្ធកញ្ញា ស្រាប់តែនិយាយប្លែកៗ ក្រោយបង្ហើបអាចនឹងឈប់ធ្វើគណៈកម្មការ Cambodian Idol
នៅក្នុងរាត្រីវគ្គ Live Show សប្ដាហ៍ទី ៥ នៃកម្មវីធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ កាលពីថ្ងៃ ១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យទស្សនិកជនស្រែកហ៊ោកញ្ជ្រៀវកងរំពងពេកឆាកពេលបេក្ខជននីមួយៗឡើងមកបញ្ចេញសមត្ថភាពម្ដងៗ។
យ៉ាងណាមិញក្នុងរាត្រីដ៏រំភើបនៃការប្រឡងចម្រៀងមួយនេះ មហាជនអ្នកគាំទ្រក៏ហាក់នាំគ្នាចាប់អារម្មណ៍ជាខ្លាំងទៅលើពាក្យសម្ដីរបស់គណៈកម្មការ ឱក សុគន្ធកញ្ញា ដោយកំពូលចម្រៀងស្រីរូបនេះបានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា នេះអាចជាឱកាសចុងក្រោយសម្រាប់នាងដែលធ្វើជាគណៈកម្មការក្នុងកម្មវិធី Cambodian Idol។
ការលើកឡើងរបស់ ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រផ្ទុះការវែកញែក និង បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍មួយ ព្រោះថាអ្នកនាងធ្វើជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោកខាងលើ ៤ រដូវកាលជាប់គ្នាហើយ ប៉ុន្ដែនៅសុខៗអ្នកនាងបែរជាបង្ហើបរឿងគួរឱ្យភ្ញាក់ផ្អើលមួយនេះទៅវិញ។
ទោះបីជាមានការវែកញែកចង់ដឹងពីអ្នកគាំទ្រពាក់ព័ន្ធនឹងរឿងអាចនឹងឈប់ធ្វើជាគណៈកម្មការនេះក៏ដោយ ក៏ ឱក សុគន្ធកញ្ញា មិនបានបកស្រាយអ្វីដែរ ប៉ុន្ដែនៅថ្ងៃទី ១៦ សីហា នេះ អ្នកម៉ាក់សម័យថ្មីខាងលើ បែរជាបង្ហោះសារពោរពេញដោយអត្ថន័យមួយថា ៖ «ការឈឺចាប់របស់មនុស្សម្នាក់ៗគ្មានដែនកំណត់ តែយ៉ាងណាកុំផ្តេកផ្ដួលទៅតាមការឈឺចាប់ក្រោកឈរ តតាំង រឹងមាំប្រាប់ខ្លួនឯងឱ្យទទួលយកគ្រប់យ៉ាងដែលបានកើតឡើង។ គ្មានជីវិតអ្នកណាម្នាក់ស្គាល់តែពាក្យថា សុខរហូតនោះទេ… ក្រោយភ្លៀងទើបមេឃស្រឡះ»៕