មហាជនផ្ទុះប្រតិកម្មនឹងពាក្យសម្ដី Sririta ពេលនាងនិយាយថាមិនទម្រើសកូន
មានឈ្មោះជាសេដ្ឋីលំដាប់ប្រទេសក៏ពិតមែន តែសម្រាប់តារាសម្ដែងស្រី Sririta Jensen គឺជាតារាស្រីម្នាក់តែងតែនិយមប្រើប្រាស់ជីវិតសាមញ្ញៗ។ សូម្បីតែចិញ្ចឹមបីបាច់កូន ក៏នាងមិនទម្រើសឡើយ។ នេះបើតាមការផ្តល់បទសម្ភាសន៍កាលពីពេលថ្មីៗនេះ តារាស្រី Sririta បញ្ជាក់ប្រាប់មហាជនថា នាងជាមនុស្សស្រួលចិញ្ចឹមណាស់ ងាយរស់នៅ មិនចេះរើសអាហារឡើយ ហើយនាងក៏តែងបង្រៀនកូនឱ្យដូចជាជីវិតនាងដែរ គឺរស់នៅធម្មតាៗ។
លើសពីនោះ តារាស្រីរូបនេះក៏បានបន្ថែមថា ការចិញ្ចឹមបីបាច់កូនរបស់នាង គឺបង្រៀនកូនឱ្យប្រើជីវិតសាមញ្ញ មិនទម្រើស និង ឱ្យស្គាល់ពីបរិយាកាសជុំវិញខ្លួន។ ក្នុងនោះ សូម្បីរបស់លេងក៏ធម្មតាៗដែរ មានសំបកកំប៉ុង និង ចានដែក ព្រមទាំងឧបករណ៍បាយឡុកបាយឡជាដើម។
ទន្ទឹមនឹងឃើញតារាស្រី Sririta និយាយបែបនេះ គេឃើញថាមានមហាជនមួយចំនួនហាក់ជាប្រតិកម្ម និង មិនពេញចិត្តដោយហេតុថា មាត់និយាយផ្សេង តែធ្វើផ្សេង។
មហាជនបានផ្ទុះការជជែកវែកញែកថា ជារឿយៗ តារាស្រី Sririta តែងប្រើជីវិតហាយសូរ សូម្បីសម្លៀកបំពាក់កូនក៏សុទ្ធតែប្រ៊េនៗទាំងអស់ ដូចនេះពាក្យដែលនាងនិយាយថា មិនទម្រើសកូនហាក់ជាមិនសម។
ទោះបីមានការបញ្ចេញមតិមួយចំនួនបាននិយាយថា ការលើកឡើងតារាស្រី Sririta មិនសមក្ដី តែក្នុងនោះគេឃើញមានមតិមួយចំនួនទៀតក៏គាំទ្រ និង បញ្ចេញមតិតបតទៅកាន់អ្នកដែលនិយាយមិនល្អទៅកាន់តារាស្រី Sririta វិញដែរ៕