ឪពុកម្តាយរបស់អ្នករាំដែលត្រូវអេក្រង់ LED ធ្លាក់លើ ទម្លាយស្ថានភាពកូន ក្រោយពេលគេដឹងខ្លួន
យោងតាមការចុះផ្សាយរបស់ HK01 កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ បានរាយការណ៍ថា ឪពុករបស់អ្នករាំដែលត្រូវបានផ្ទាំងអេក្រង់ LED ទម្ងន់ ៦០០ Kg សង្កត់ពីលើ បានធ្វើសេចក្តីប្រកាសអំពីស្ថានភាពកូនប្រុសរបស់គាត់ បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរនៅលើឆាកប្រគំតន្រ្តីយក្ស ក្នុងទីក្រុងហុងកុង។
បើតាមការប្រកាសរបស់ក្រុមគ្រួសារ ពេលនេះ A Mo កំពុងស្ថិតក្នុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះ ICU ក្នុងមន្ទីរពេទ្យ Queen Elizabeth។ បច្ចុប្បន្ន លោកទើបតែបានទទួលការវះកាត់ធំៗសំខាន់ចំនួន ២ នៅពេលដែលលោកភ្ញាក់ដឹងខ្លួន ហើយការជាសះស្បើយរបស់លោកអាចនឹងចំណាយពេលយូរទៅតាមពេលវេលា។
ជាមួយគ្នានោះ ឪពុករបស់ A Mo ក៏បានអរគុណទៅដល់មិត្តស្រីរបស់កូនប្រុសគាត់ ដែលនាងតែងតែនៅក្បែរ និង មើលថែកូនប្រុសក្នុងគ្រាលំបាក។ ទាំងដែលអ្នកទាំងពីរគ្រោងនឹងរៀបការជាមួយគ្នា ប៉ុន្តែត្រូវបានពន្យារពេល។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ អំឡុងពេលដែលក្រុមចម្រៀងបុរសវ័យក្មេង MIRROR ធ្វើការប្រគំតន្រ្តី ពេលនោះបានកើតហេតុការណ៍ដ៏អាក្រក់ ដោយផ្ទាំងអេក្រង់ LED ទម្ងន់ ៦០០ Kg ធ្លាក់សង្កត់ពីលើ អ្នករាំចំនួន ២ នាក់ ជាអកុសលមានជនរងគ្រោះម្នាក់រងរបួសធ្ងន់៕