ផ្អែមល្ហែមណាស់! Nune ត្រូវស្វាមីចេញច្បាប់ថ្មីសម្រាប់នាងផ្ទាល់ មិនឱ្យធ្វើបែបនេះដាច់ខាត
អស់ពេលជាយូរណាស់ដែរហើយ ដែលតារាស្រី Nune Woranuch ហាក់ឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍នោះ តែថ្មីៗនេះនាងបានវិលត្រឡប់មកចូលរួមកម្មវិធីផ្សេងៗវិញហើយ។ ពិសេស នាងបានចូលខ្លួនផ្តល់បទសម្ភាសនៅក្នុងកម្មវិធីជជែកកម្សាន្តរបស់ថៃ 3 Zeep ធ្វើឱ្យអ្នកគាំទ្រញញឹមព្រាតតែម្តង។
ខណៈលេចមុខក្នុងកម្មវិធីជជែកកម្សាន្តមួយនេះភ្លាម តារាស្រីរូបនេះទម្លាយអាថ៍កំបាំងថែរក្សាសម្រស់ និង សក់ភ្លែតប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យបានធ្វើតាម។ លើសពីនេះទៅទៀតនោះ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតទៀតគឺ នាងមិនត្រឹមប្រាប់ពីវិធីថែសម្រស់ ក៏ដូចជាសុខភាពសក់របស់នាងនោះឡើយ តែក្នុងនោះ នាងក៏បានទម្លាយពីរឿងរ៉ាវជីវិតគ្រួសាររបស់នាង ពោលគឺរឿងដែលស្វាមីរបស់នាងបានដាក់ច្បាប់ថ្មីឱ្យនាងទៀតផង។
ដោយឡែក ច្បាប់ថ្មីដែលស្វាមីរបស់នាង បានដាក់ឱ្យនាងនោះគឺ ស្វាមីរបស់នាងបានកំណត់ម៉ោងឱ្យនាងថតរឿងត្រឹមតែ ១០ យប់តែប៉ុណ្ណោះ មិនឱ្យលើសពីនោះឡើយ ព្រោះស្វាមីរបស់នាងចង់ឱ្យនាងមានពេលសម្រាកឱ្យបានច្រើនជាងនេះ។
យ៉ាងណាមិញ បន្ទាប់ពីស្វាមីសម្តែងក្តីព្រួយបារម្ភដល់ខ្លួនភ្លាម តារាស្រីរូបនេះនាងក៏បានពោលប្រាប់មហាជនបន្ថែមថា ពេលនេះនាងស្តាប់តាមសម្តីស្វាមីហើយ ពោលគឺនាងក៏បានប្រាប់ដល់អ្នកគ្រប់គ្នានៅកន្លែងថតកុនហើយដែរថា នាងសុំថតមិនឱ្យលើសពីម៉ោង ១០ យប់ឡើយ ព្រោះទម្រាំដល់ផ្ទះ ងូតទឹក ញុំអាហារទៀត កណ្តាលយប់ទៅហើយ ទម្រាំនាងបានសម្រាក៕