(វីដេអូ) ឡាយ លក្ខិណា ក្ដាប់ទីផ្សារច្រៀងភ្លេងការ កំពុងកាក់កបខ្លាំងនៅកាណាដា
ធ្មេចបើកៗរយៈពេលប្រមាណជា ជិត ៣ ឆ្នាំ ហើយ ដែលតារាចម្រៀងសាច់សខ្ចី ឡាយ លក្ខិណា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាណាដា និង មិនទាន់បានត្រឡប់មកស្រុកកំណើតវិញឡើយ។
មុននឹងចាកចេញពីកម្ពុជា ឡាយ លក្ខិណា បានឱ្យដឹងថា នាងធ្វើដំណើរទៅកាន់ប្រទេសកាណាដា ក្នុងគោលបំណងសម្តែង និង ការប្រគំតន្ត្រីនានានៅទីនោះប៉ុណ្ណោះ ព្រោះកញ្ញាគឺជាតារាចម្រៀងរបស់ផលិតកម្ម Sandap Production ដែលមានអ្នកគ្រប់គ្រងនៅឯប្រទេសកាណាដា។ យ៉ាងណាមិញ ពេលវេលាកាន់តែរំកិលទៅមុខ តារាចម្រៀង ឡាយ លក្ខិណា ក៏ហាក់មិនដែលបានបង្ហើបដំរួយវិលត្រឡប់មកស្រុកកំណើតវិញ ហើយគាប់ជួនការរាលដាលជំងឺកូវីដ-១៩ ផង ទើបនាងបន្តរស់នៅទីនោះរហូតមកដល់ពេលនេះ និង ទទួលបានសិទ្ធស្របច្បាប់រស់នៅក្នុងប្រទេសកាណាដាថែមទៀតផង។
បើទោះជាមិនបានវិលត្រលប់មកកាន់កម្ពុជាវិញក៏ពិតមែន បើនិយាយពីអាជីពជាតារាចម្រៀងរបស់ ឡាយ លក្ខិណា ក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺបងប្អូនខ្មែររស់នៅឯប្រទេសកាណាដាតែម្តង ដោយបច្ចុប្បន្នតារាចម្រៀងរូបនេះ នៅតែបន្តអាជីពជាតារាចម្រៀងដូចដើម។
លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសរបស់ ឡាយ លក្ខិណា កាន់តែចាប់អារម្មណ៍ទៀតនោះ គឺក្រឡេកទៅមើលអាជីពជាតារាចម្រៀងលើទឹកដីកាណាដា ឡាយ លក្ខិណា ក៏បានចាប់ជំនាញមួយទៀត និង កំពុងទទួលបានទីផ្សារខ្លាំង គឺជាអ្នកផ្នែកចម្រៀងបុរាណ ដូចជាច្រៀងភ្លេងការជាដើម៕