(វីដេអូ) គណៈកម្មការសរសើរ លីម តិចម៉េង ពេញៗមាត់ ក្រោយបង្ហាញសមត្ថភាពសប្ដាហ៍នេះ
ពិតណាស់ នៅរាត្រីវគ្គ Live Show សប្ដាហ៍ទី ៥ នៃកម្មវិធី Cambodian Idol រដូវកាលទី ៤ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ នេះ បេក្ខភាពដ៏ឆ្នើម លោក លីម តិចម៉េង ហាក់កាន់តែមានភាពលេចធ្លោខ្លាំងឡើងជាមួយនឹងការបង្ហាញសមត្ថភាពប្រឡង ដោយបានលើកយកបទចម្រៀងបែបស្រុកស្រែ «អាក្របី» បកស្រាយបានយ៉ាងល្អខ្លាំង។
ជាមួយនឹងការបង្ហាញសមត្ថភាពរបស់ លីម តិចម៉េង ក្នុងសប្ដាហ៍នេះដែរ លោកពិតជាឆក់បានបេះដូងអ្នកគាំទ្រខ្លាំង ដែលឃើញមានសំឡេងស្រែកហ៊ោកញ្ច្រៀវពីមហាជនពេញស្ទូឌីយោតែម្ដង បង្ហាញពីគាំទ្រយ៉ាងខ្លាំងក្លាចំពោះលោក។ ខណៈបានឮសំឡេងហ៊ោរំពងនេះ ក៏បានធ្វើឱ្យ តិចម៉េង រំភើបរំជួលចិត្តខ្លាំងរហូតស្រក់ទឹកភ្នែកច្រោកៗលើឆាកប្រឡងតែម្ដង។
អ្វីកាន់តែពិសេសទៀត មិនត្រឹមតែមហាជនអ្នកគាំទ្រទេ ដែលរំភើប និងបង្ហាញការសរសើរគាំទ្រខ្លាំងចំពោះ លីម តិចម៉េង រីឯចំពោះគណៈកម្មការទាំងបួនរូបវិញ ក្រោយបេក្ខភាពរូបនេះបង្ហាញសមត្ថភាពរួច គណៈកម្មការនីមួយៗបានបញ្ចេញមតិពោលសរសើរខ្លាំងៗ ក៏ដូចជាលើកទឹកចិត្ត និងបង្ហាញចិត្តរំភើបជំនួសចំពោះប្រជាប្រិយភាពរបស់ តិចម៉េង ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះ ថែមទាំងបានបង្ហាញការរំពឹងខ្ពស់ចំពោះបេក្ខភាពរូបនេះ ដោយបានទាយទុកមុនទៀតថាលោកមិនត្រឹមអាចឆ្លងទៅវគ្គ Live Show បន្តទៀតនោះទេ តែនឹងអាចឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ក្នុងសប្ដាហ៍ទី ៥ នៃវគ្គ Live Show នេះដែរ បេក្ខភាព លីម តិចម៉េង ទទួលបានការសារបោះឆ្នោតពីមហាជនច្រើនជាងគេ ពោលគឺទទួលបាន Top ១ ក្នុងចំណោមបេក្ខភាពបេក្ខភាពទាំង ១០ រូបផងដែរ៕