អស់សិទ្ធិដណ្ដើមពានមែន តែ លី ប៊ីលី ប្រើពាក្យសម្ដីដ៏រឹងមាំ
នៅរាត្រីវគ្គ Live Show សប្ដាហ៍ទី ៥ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ យប់មិញនេះ បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រកាន់តែសប្បាយរីករាយទស្សនានូវការបង្ហាញសមត្ថភាពរបស់បេក្ខជននីមួយៗ។
ដូចប្រិយមិត្តបានជ្រាបហើយថា លក្ខខណ្ឌនៃកម្មវិធីគឺតម្រូវឱ្យមានការជម្រុះ និង ចម្រាញ់បេក្ខជនរៀងរាល់សប្ដាហ៍ដើម្បីស្វែងរកជើងខ្លាំងម្នាក់ដែលមានសមត្ថភាពច្រៀងពីរោះជាងគេ ក្លាយជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលពី ៤ នេះ ហើយកាលពីរាត្រីវគ្គ Live Show សប្ដាហ៍ទី ៥ នេះ កម្មវិធីបានជម្រុះបេក្ខជនដល់ទៅ ៣ រូបឯណោះ រួមមាន លី ប៊ីលី, ផាន គីមសុង និង បេក្ខជន ឡាច ណុច។
ក្រោយអស់សិទ្ធិក្នុងការក្លាយជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ៤ លី ប៊ីលី បាននិយាយទាំងទប់ទឹកភ្នែកមិនជាប់នៅលើឆាក តែ បីលី អះអាងថា ទឹកភ្នែកទាំងនោះគឺស្រក់ចុះមកដោយសេចក្ដីរំភើបបំផុត និង អរគុណដល់អ្នកមានគុណជាពិសេសដែលបានគាំទ្រខ្លួនតាំងពីដើមរហូតមកដល់ពេលនេះ។
បន្ទាប់ពីចាកចេញពីកម្មវិធី ប៊ីលី បានបង្ហោះសារស្ដែងពីភាពរឹងមាំនៅលើគណនីហ្វេសប៊ុកថា ៖ «ខ្ញុំសប្បាយចិត្តហើយទទួលយកនូវការពិតមួយនេះ ទឹកភ្នែកដែលហូរស្រក់មក គឺដោយសារតែបេះដូងខ្ញុំបានទទួលនូវអារម្មណ៍ស្រឡាញ់ពីអ្នកទាំងអស់គ្នា»៕