ភរិយាតួប្រុសរឿង «វណ្ណនីដា» និយាយទាំងក្ដុកក្ដួល ក្រោយស្វាមីស្លា..ប់ទៅជាង ២ ឆ្នាំ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ជាពិសេសប្រិយមិត្តដែលទាន់ជំនាន់ឆ្នាំ ៩០ ជាង ២០០០ មុខជាបានស្គាល់ច្បាស់លោក Sarunyoo Wongkrachang ដែលជាតារាសម្តែងប្រុសល្បីខ្លាំងនាជំនាន់នោះ មានស្នាដៃរឿងល្បីៗជាច្រើន ដូចជារឿង «មន្តស្នេហ៍ស្រុកស្រែ», «ដង្ខៅក្របី», «វណ្ណនីដា» ជាដើម។
លោកបានរៀបការជាមួយវីជេវិទ្យុ និងតារាសម្តែងអ្នកស្រី Ple Hattaya នៅឆ្នាំ ១៩៩៤ ហើយមានចំណងដៃជីវិតគឺកូនស្រីភ្លោះ ប៉ុន្តែគួរឱ្យសោកស្តាយនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ តារាប្រុសជើងចាស់រូបនេះបានលាចាកលោកនៅវ័យ ៥៩ ឆ្នាំ ព្រោះតែជំងឺមហារីក ដែលបង្កការភ្ញាក់ផ្អើល និង សោកស្តាយជាខ្លាំង។
ក្រោយឃ្លាតចាកទៅជាង ២ ឆ្នាំ អ្នកស្រី Ple Hattaya ដែលជាភរិយា និងជាតារាសម្តែងស្រីជើងចាស់មួយរូបផងដែរនោះ បានបង្ហោះសារនឹករលឹកដល់ស្វាមីថា៖ «២ ឆ្នាំ ២ ខែ ហើយ….តែប្រៀបដូចជានៅថ្មីៗ មិនដឹងបងនៅទីណា តែអូន និងកូនៗសុំផ្ញើក្តីស្រឡាញ់នេះឱ្យបង រៀបផ្កាស្រស់ៗដាក់ថូ ហើយនិយាយជាមួយរូបថតបងរាល់ថ្ងៃ ដើម្បីឱ្យមានកម្លាំងចិត្ត បងកុំបារម្ភអីណា អូនគ្រាន់តែនឹកបង»។
ឃើញបែបនេះអ្នកគាំទ្រជាច្រើនក៏បានចូលរួមបញ្ចេញមតិលើកទឹកចិត្ត និងជូនពរ ដោយគ្រប់គ្នាបានពោលថាទោះបីជាតារាប្រុស Sarunyoo ឃ្លាតទៅពិតមែន តែគាត់នឹងស្ថិតនៅក្នុងការចងចាំរបស់អ្នកគ្រប់គ្នាជានិច្ច៕