Weir ពោលទាំងរំភើប ក្រោយដឹងថាខ្លួនកំពុងក្លាយជាឪពុកគេ
អស់រយៈពេលជិត ១ ខែហើយដែលតារាប្រុសលំដាប់ជួរមុខប្រចាំប្រទេសថៃ Weir Sukollawat បានដឹកដៃគូស្នេហ៍ជាអ្នកក្រៅរង្វង់សិល្បៈចូលរោងការ បំពេញមុខក្រុមគ្រួសារ និង សាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ Weir និង ភរិយាបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្រោយប្រកាសដំណឹងល្អថា ពេលនេះភរិយាលោកអ្នកនាង Vikki កំពុងពរពោះកូនដំបូងហើយ។
ដោយ Vikki បានបង្ហោះសារថា៖ «រីករាយទិវាគុណអ្នកម្តាយ នៅក្នុងថ្ងៃបុណ្យគុណអ្នកម្តាយឆ្នាំនេះ វាពិតជាសំខាន់ណាស់សម្រាប់កូន ដែលមានម្តាយរហូតទៅដល់ ២ រូប អ្នកម្តាយជាអ្នកផ្តល់កំណើតឱ្យកូន ជាព្រះរបស់កូន រួមចំណែកទាំងម្តាយរបស់ស្វាមីផងដែរ។ អ្នកម្តាយក៏ជាម្តាយម្នាក់ដែលកូនស្រឡាញ់គោរព ពិសេស ឆ្នាំនេះក៏ជាឆ្នាំមួយដ៏វិសេសវិសាលណាស់ ព្រោះកូនត្រូវហៅខ្លួនឯងថាជាម្តាយរបស់គេម្តង។ អ្វីដែលសំខាន់ពេលកូនសរសេរដល់ឃ្លានេះ កូនស្ទើរតែស្រស់ទឹកភ្នែកតែម្តង តែទោះជាយ៉ាងណា ខ្ញុំក៏សូមជូនពរម្តាយគ្រប់រូបមានសេក្តីសុខផងដែរ»។
គ្រាន់តែដឹងដំណឹងនេះភ្លាមតារាប្រុស Weir ក៏ពោលពាក្យបន្តថា៖ «សូមផ្ញើខ្លួន អ្នកម្តាយ និងលោកពុក ថ្មីថ្មោងគូនេះផងបាទ រីករាយថ្ងៃបុណ្យម្តាយអូនសម្លាញ់ Vikki ហើយសុំអរគុណដល់គ្រប់គ្នាដែលបានចូលរួមសម្តែងការត្រេកអរដល់ពួកយើងណាបាទ និយាយពិតមែន ខ្ញុំនេះរំភើបណាស់ ហើយសប្បាយចិត្តខ្លាំងបំផុតពេលលើដំណឹងនេះ»៕