ប្តីល្អ! ស្វាមី ផន សុផារី ជ្រោមជ្រែងប្រពន្ធសព្វគ្រប់ មិនថាការងារផ្ទះ និង មុខជំនួញ
ប្តីប្រពន្ធអតីតតារាកំប្លែង ផន សុផារី តែងតែបង្ហាញភាពផ្អែមល្ហែម តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនច្រណែនជារឿយៗ ហើយគូស្នេហ៍នេះ ក៏តែងត្រូវបានមហាជនចាប់ក្រសែភ្នែកតាមដានពីជីវិតឯកជនមិនដាច់ដែរ ដោយក្រោយរៀបការរួច ចំណងអាពាហ៍ពិពាហ៍របស់ ផន សុផារី និង លោក សុង សុវណ្ណារ៉ា គឺទទួលបានសុភមង្គលយ៉ាងខ្លាំង ហើយពេលនេះពួកគេក៏ទទួលបានកូនស្រី ២ នាក់ហើយ ដោយកូនស្រីច្បងមានអាយុ ៤ ឆ្នាំ និង កូនស្រីទី ២ អាយុ ជិត ២ ឆ្នាំ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ផន សុផារី កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កាន់តែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនាងពាក់ព័ន្ធសកម្មភាពរបស់កូនៗ ស្វាមី ព្រមទាំងអ្នកនាងផ្ទាល់តែម្តង។
ក្នុងនោះ មហាជនបានលើកឡើងថា គ្រួសាររបស់អ្នកនាង ផន សុផារី ពិតជាមានសុភមង្គល ដែលមានកូនស្រីតូចៗ ២ នាក់ គួរឱ្យស្រឡាញ់ និង ឆ្លាតវៃ។ ជាងនេះទៅទៀត គឺមហាជនគ្រប់គ្នាបានលាន់មាត់ថា អ្នកនាង ផន សុផារី គឺជានារីដែលមានសំណាង មានស្វាមីល្អ តែងជួយជ្រោមជ្រែងអ្នកនាងគ្រប់រាល់ភារកិច្ចទាំងការងារក្នុងផ្ទះ និង អាជីវកម្មជាដើម។
ជាការពិត តាំងពីចាបដៃស្វាមីរៀបការកាលពីអំឡុងឆ្នាំ ២០១៧ មក មហាជនក៏បានសង្កេតឃើញថា បើទោះជាអ្នកទាំង ២ បានរៀបការនៅវ័យក្មេងដូចគ្នាក៏ពិតមែន ប៉ុន្តែអ្នកនាង ផន សុផារី មានគំនិតចាស់ទុំ រីឯស្វាមី គឺជាបុរសល្អ ដែលប្រឹងប្រែងធ្វើការរកស៊ី ជួយជ្រោមជ្រែង លើកទឹកចិត្តភរិយាគ្រប់ធុរៈតូចធំជាច្រើន ទើបធ្វើឱ្យគ្រួសាររបស់អ្នកនាង លេចធ្លោ និង ទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ៕