ត្រឹមមួយខែ ម៉ាដូណា ចូលពេទ្យសង្គ្រោះបន្ទាន់ ៣ ដង ទីបំផុតរកឃើញជំងឺនេះ វះកាត់ទាំងយប់
ជាការពិតណាស់ មហាជននិយមតាមដានរឿងរ៉ាវឯកជនរបស់តារាភេទទី ៣ មានប្រជាប្រិយភាព លោក ម៉ាដូណា ច្បាស់ជាបានជ្រាបមកហើយថា ត្រឹមរយៈពេល ១ ខែចុងក្រោយ ពោលគឺចាប់ពីពាក់កណ្តាលខែកក្កដា មកដល់ខែសីហា ឆ្នាំ ២០២២ នេះ ហាក់មានការព្រួយបារម្ភពីសុខភាពរបស់លោកយ៉ាងខ្លាំង ដោយលោក ម៉ាដូណា បានឈឺត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ជាច្រើនលើកច្រើនសា។
ក្នុងនោះកាលពីអំឡុងខែកក្កដា លោក ម៉ាដូណា ក៏បានឱ្យដឹងថា ក្រោយពីសង្គ្រោះបន្ទាន់ និង ពិនិត្យសុខភាពហើយនោះ លោកមានជំងឺជាច្រើនដូចជា បញ្ហាសតិអារម្មណ៍ លើសជាស្ករ លើសឈាម លើសជាតិអាស៊ីត ខ្លាញ់ក្នុងឈាម ខ្លាញ់ក្នុងបេះដូង មានសត្វល្អិតក្នុងឈាម និង ប្រមាត់មានជាតិពុល ជាដើម។ ជំងឺច្រើនមុខនេះដែរក៏បានធ្វើឱ្យលោក ម៉ាដូណា ធ្វើដំណើរទៅព្យាបាលទាំងមន្ទីរពេទ្យក្នុង និង ក្រៅប្រទេស ដើម្បីតាមដានសុខភាពថែមទៀត។
យ៉ាងណាមិញ ក្រោយពីចូលសង្គ្រោះបន្ទាន់ទាំងយប់ប្រមាណ ៣ ដង ត្រឹមរយៈពេលមួយខែ និង រត់ទៅជួបដល់គ្រូពេទ្យនៅក្រៅប្រទេស កាលពីយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះ លោក ម៉ាដូណា បានកំណត់រោគសញ្ញាមួយទៀត ដែលបណ្តាលឱ្យលោកធ្វើទុក្ខឈឺធ្ងន់ម្តងៗនោះ គឺគ្រួសនៅក្នុងតម្រងនោម។ ក្នុងនោះ លោក ម៉ាដូណា បានឱ្យដឹងថា ទំហំគ្រួសដែលស្គេនឃើញនៅក្នុងតម្រងនោមរបស់លោក គឺមានទំហំ ៩ លី ហើយលោកក៏បានវះកាត់រួចរាល់យ៉ាងជោគជ័យហើយដែរ៕