ប្តីមាសពេជ្រ! ឧកញ៉ា ប៊ុន រតនា ស្រឡាញ់ថ្នមចិត្ត តាមបំពេញក្តីស្រមៃប្រពន្ធ បើកហាងលក់ពេជ្រឱ្យយ៉ាងធំ
អ្នកគាំទ្រ និង មហាជនធ្លាប់បានដឹងមកហើយពីអតីតតារាសម្តែង និង ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ថោន លី ឈី គឺជាតារាមួយរូបក្នុងចំណោមតារាស្រីជាច្រើនទៀត ដែលមានសំណាង និង សុភមង្គលយ៉ាងខ្លាំងបន្ទាប់ពីបានរៀបការរួចហើយនោះ។ លើសពីនោះ ក្រោយរៀបការមិនបានប៉ុន្មានអតីតតារាស្រីវ័យក្មេងរូបនេះ ក៏មានងារជាជំទាវក្រោយស្វាមីទទួលបានគោរមងារជាឧកញ៉ា។
ជាការពិត ជំទាវ លី ឈី បើទោះជារស់នៅក្នុងជីវិតសុភមង្គលលើគំនរទ្រព្យស្តុកពីមុខជំនួញជាច្រើនរបស់លោកឧកញ៉ា ប៊ុន រតនា ជាស្វាមីក៏ពិតមែន តែជំទាវ លី ឈី ក៏ហាក់មិននៅស្ងៀមនោះដែរ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឃើញថា អតីតតារាស្រីជាជំទាវរូបនេះ ក៏បានបើកអាជីពលក់សម្លៀកបំពាក់ និង ផលិតផលថែសម្រស់តាមអនឡាញ ហើយកន្លងមកគេក៏ធ្លាប់បានឃើញជំទាវបានរត់ទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដើម្បីត្រៀមនឹងបើកហាងពេជ្រផ្ទាល់ខ្លួនទៀតផង។
គេចាំបានថាកាលពីអំឡុងឆ្នាំ ២០១៩ ពោលគឺស្របពេលពពោះកូនស្រីច្បង ជំទាវ លី ឈី ក៏បានទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដោយត្រៀមបើកក្រុមហ៊ុនលក់ពេជ្រនៅផ្ទះប្រភេទ Shop House 2 ដែលជាកាដូខួបអាពាហ៍ពិពាហ៍មួយឆ្នាំ។
បន្ទាប់ពីសន្សំចំណេះជំនាញផ្នែកគ្រឿងអលង្ការច្រើនឆ្នាំ និង ក្រោយពីសម្រាលកូនប្រុសទី ២ មិនបានប៉ុន្មានផង ជំទាវ លី ឈី ក៏បានសម្រេចក្តីស្រមៃហើយ ដោយបានបើកហាងពេជ្រផ្ទាល់ខ្លួនមានយីហោថា ៖ «Cheewelry Cambodia-ហាងលក់គ្រឿងអលង្ការ ឈីវែលរី ខេមបូឌា» ដោយកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ ឧកញ៉ា ប៊ុន រតនា ជាស្វាមី ក៏បានបើកសម្ពោធជាផ្លូវការហាងពេជ្ររបស់ភរិយាយ៉ាងអធឹកអធមផងដែរ៕