ក្រោយផ្ទុះរឿង លោកស្រី Nancy Pelosi ទៅដល់តៃវ៉ាន់ ស្រាប់តែ Jackson ធ្វើរឿងកក្រើកនេះភ្លែត
ថ្មីៗនេះ កំពុងតែផ្ទុះការបារម្ភមិនតិចឡើយ ដោយសារតែការតឹងសរសៃ-ករវាងអាមេរិក និង ចិន ក្រោយប្រធានសភាអាមេរិក លោកស្រីគឺ Nancy Pelosi បានមានវត្តមានឈានជើងនៅទីក្រុងតៃប៉ិក ទឹកដីកោះតៃវ៉ាន់ ដោយមិនខ្វល់ពីការគំរាមរបស់ចិនឡើយ។
យ៉ាងណាមិញ ហេតុការណ៍នេះបានធ្វើឱ្យប្រជាជនចិនមានការប្រតិកម្មយ៉ាងខ្លាំង ម្នាក់ៗបញ្ចេញមតិជាច្រើន ព្រមទាំងធ្វើយុទ្ធនាការផ្សេងៗនៅតាមបណ្តាញសង្គម ហើយថែមទាំងលើកនយោបាយចិនតែមួយយកមកអះអាងទៀតផង។
នយោបាយចិនតែមួយ (One China Policy) ឬ គោលការណ៍ចិនតែមួយនេះដែរ គឺជាគោលនយោបាយដែលបានបញ្ជាក់ជំហររបស់ប្រទេសចិនថា មានរដ្ឋតែមួយប៉ុណ្ណោះដែលអាចប្រើឈ្មោះថាចិនបាន ហើយរដ្ឋាភិបាលស្របច្បាប់ក៏មានតែមួយដូចគ្នា ជាពិសេសតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។
យ៉ាងណាមិញ ក្នុងនោះ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុស Jackson Wang ដែលជាតារាសញ្ជាតិហុងកុង-ចិន ក៏បានបញ្ចេញជំហររបស់ខ្លួនក្នុងបញ្ហានេះ ក្នុងនាមជាប្រជាជនចិនម្នាក់ផងដែរ។
ដោយលោកបានផុសរូបមួយសន្លឹក ព្រមជាមួយនឹង Caption មួយចំនួននៅក្នុងបណ្តាញសង្គមរបស់ខ្លួន ដែលបញ្ជាក់ថា លោកគាំទ្រគោលនយោបាយចិនតែមួយនេះឯង។
ទន្ទឹមនឹងនេះដែរ ទង្វើមួយនេះរបស់ Jackson Wang បានធ្វើឱ្យមានផ្ទុះមតិពីសំណាក់មហាជនជាថ្មី ក្នុងនោះអ្នកខ្លះមិនពេញចិន អ្នកខ្លះក៏ពេញចិត្ត ហើយថែមទាំងបានលើកយកមតិមកអះអាងជាច្រើនដូចគ្នា៕