លើកដំបូង Anna ស្រវាឱបឪពុកទាំងក្តីទន្ទឹង ក្រោយគ្រងមកុដ MUT 2022 បាន ៤ ថ្ងៃមិនដែលបានជួប
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវីធីប្រកួតប្រឡងកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក Miss Universe Thailand 2022 បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ព្រមទាំងបានរកអ្នកស័ក្តិសមជាមួយនឹងមកុដដ៏ចែងចាំងស្រស់ស្អាតឃើញរួចហើយ នោះគឺ Anna Suea Ngam ។
យ៉ាងណាមិញ បើក្រឡេកទៅមើលប្រវត្តិរបស់នាងវិញ មើលទៅហាក់រំជួលចិត្តមិនស្ទើរឡើយ ដោយតាមពិតទៅនាងគឺជាក្មេងស្រីម្នាក់ ដែលមានកុមារភាព និង ធំធាត់ឡើងនៅលើគំនរសំរាម។ ក្នុងនោះ Anna មានម្តាយឪពុកជាអ្នកធ្វើការជាមួយនឹងសំរាម ហើយនាងផ្ទាល់ក៏ធ្លាប់បានដើរតាមជួយការងារពួកគាត់នៅតាមកន្លែងចាក់សំរាមផ្សេងៗផងដែរ។
រឿងរ៉ាវប្រវត្តិជីវិតរបស់នាង ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ដោយម្នាក់ៗពិតជានឹកសរសើរនាងមិនដាច់ពីមាត់ឡើយ។ យ៉ាងណាមិញ នៅថ្ងៃទទួលមកុដ Anna មិនមានវត្តមានឪពុកម្តាយមកជួយអបអរសាទរដូចជាបេក្ខភាពដទៃឡើយ គឺដោយសារតែកម្មវីធីប្រព្រឹត្ត និង បញ្ចប់ទៅនៅវេលាយប់ជ្រៅពេក ទើបពួកគាត់ត្រូវសម្រាកលឿនដើម្បីងើបទៅបំពេញការងារតួនាទីនៅពេលព្រលឹម។
ដោយឡែក កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក៏បានមានកិត្តិយសចូលជួបសំណេះសំណាល ជាមួយនឹងអភិបាលក្រុងបាំងកកផងដែរ ហើយគេក៏បានឃើញវត្តមានរបស់ឪពុកនាងចូលរួមក្នុងការសំណេះសំណាលមួយនេះដូចគ្នា។
ក្នុងនោះ ទាំងឪពុក និង កូនបានស្រវាឱបគ្នា ដោយកែវភ្នែកពោរពេញដោយក្តីស្រឡាញ់ និង រំភើប ជាមួយនឹងស្នាមញញឹមរីករាយ ចំណែកឯមុខមាត់វិញ មើលទៅគឺពិតជាដូចគ្នាខ្លាំងណាស់។ ឪពុករូបនេះ មានឈ្មោះថា Somchai Suea Ngam ជាបុគ្គលិកប្រមូលសំរាមពេញម៉ោង របស់នាយកដ្ឋានអនាម័យនាទីក្រុងបាំងកក ហើយតាមពិតទៅលោកគឺជាកូនកាត់ថៃ អាលឺ្លម៉ង់ទៀតផង។
ចំណែកមហាជនអ្នកគាំទ្រ កាលបើឃើញបែបនេះហើយ ម្នាក់ៗពិតជារំជួលចិត្តមិនតិចនោះទេ ហើយគេក៏ចាំមើលសកម្មភាពគ្រួសាររបស់ Anna ជុំគ្នាម្តងទៀតដែរ៕