មានសំណាងបានស្វាមីជាអភិជន តែតារាស្រី ៥ ដួងប្រឹងរកលុយមិនដេកចាយទ្រព្យប្ដី
នៅក្នុងសង្គមសិល្បៈបច្ចុប្បន្ន មហាជនអ្នកគាំទ្រកំពុងនាំគ្នាកោតសរសើរទៅលើភ័ព្វវាសនារបស់សិល្បការិនីខ្មែរមួយចំនួន ដែលបានជួបនឹងគូជីវិតសមប្រកប ដោយមិនត្រឹមតែស្រស់សង្ហា ស្ម័គ្រស្មោះស្រឡាញ់គ្រួសារនោះទេ តែសូម្បីតែទ្រព្យសម្បត្តិក៏សម្បូរហូរហៀរ និង អាចចាត់ទុកថាជាត្រកូលអភិជនមានជំនួញក្នុងដៃច្រើនសន្ធឹក។
ពិតណាស់ បើក្រឡេកទៅមើលសិល្បការិនីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសិល្បៈ ៥ រូប កំពុងរស់នៅលើគំនរសុភមង្គល និង ទ្រព្យសម្បត្តិ ព្រោះមានស្វាមីជាអ្នកជំនួញ អ្នកមានឋានៈក្នុងសង្គម ប៉ុន្ដែរឿងដែលគួរឱ្យកោតស្ញប់ស្ញែង ទោះស្វាមីមានទ្រព្យស្ដុកស្ដម្ភចាយមិនខ្វះ តែសិល្បការិនីទាំង ៥ រូបនេះ នៅតែប្រឹងប្រែងធ្វើការរកលុយចាយដោយខ្លួនឯង មិនពឹងផ្អែកលើទ្រព្យស្វាមីទាំងស្រុងឡើយ។
១. កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា បើទោះជាបានរៀបការនឹងលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្ម និង ទូរទស្សន៍ហង្សមាស ដែលបានរាប់បញ្ជូលជាគ្រួសារអភិជនក្តី តែអ្នកនាង ឱក សុគន្ធកញ្ញា មិនយកជីវិតទៅផ្តេកផ្តួលពឹងទាំងស្រុងលើស្វាមីនោះឡើយ ពោលគឺបច្ចុប្បន្ន អ្នកនាង ឱក សុគន្ធកញ្ញា នៅតែបោះជំហានយ៉ាងជោគជ័យលើវិស័យសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួនទៀតផង។
២. កំពូលតារាចម្រៀង សុគន្ធ និសា
បើទោះជាមិនបានបញ្ជាក់ពីមុខងាររបស់ស្វាមីជាសាធារណៈក្តី តែស្វាមីអ្នកនាង សុគន្ធ និសា ត្រូវបានគេដឹងថាក៏ជាអ្នកមានតួនាទីធំមួយផងដែរ លើវិស័យការងារ។ បច្ចុប្បន្ន បើទោះជាអាចបញ្ចប់អាជីពជាតារាចម្រៀងរស់នៅលើគំនរទ្រព្យស្វាមីបានពិតមែន ប៉ុន្តែអ្នកនាង សុគន្ធ និសា នៅតែចាប់យកអាជីពនេះដូចដើម ព្រមទាំងមានមុខជំនួញក្នុងដៃផ្ទាល់ខ្លួនជាច្រើនផងដែរ។
៣. ពិធីការិនី កែវ ចាន់និមល
ស្វាមីពិធីការិនី កែវ ចាន់និមល ត្រូវបានគេដឹងថាមានតួនាទីធំមួយក្នុងជួរមន្ត្រីរាជការ ថែមទាំងមានងារជាឯកឧត្តមទៀតផង។ ទោះជាបែបនេះ កែវ ចាន់និមល នៅតែបន្តអាជីពជាពិធីការិនីយ៉ាងមមាញឹករបស់ខ្លួនដដែល។
៤. តារាសម្ដែង សិទ្ធី នីកា
តារាសម្ដែង សិទ្ធី នីកា មានភ័ព្វវាសនាបានរៀបការជាមួយសែស្រឡាយរាជវង្សដែលមានឋានៈក្នុងសង្គម តែស្រីស្អាតរូបនេះ នាងមិនផ្ដេកផ្ដួលចាយលុយស្វាមីទាំងស្រុងឡើយ ពោលគឺ សិទ្ធី នីកា នៅតែបន្តការងារថតកុន និង ថតផ្សព្វផ្សាយពាណិជ្ជកម្ម មកដល់បច្ចុប្បន្ន។
៥. ម៉ាក សែនសូនីតា ហៅ តូតា
តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា ក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេង ដែលបានរៀបការនឹងស្វាមីជាអ្នកជំនួញមានទ្រព្យស្ដុក និង មានមុខមាត់ម្នាក់ក្នុងសង្គម។ ក្នុងនោះ តូតា មិនបានចំណាយជីវិតរស់នៅលើគំនរទ្រព្យរបស់ស្វាមីនោះឡើយ តែនាងបានបើកហាងលក់គ្រឿងអលង្ការ ធ្វើជាអ្នកជំនួញស្រីវ័យក្មេងម្នាក់៕