ឈីន រតនៈ ស្មានមិនដល់ថាដើរដល់ចំណុចនេះ ខណៈពីក្មេងរងការមាក់ងាយគ្រប់សព្វ
ប្រិយមិត្តយុវវ័យភាគច្រើនប្រាកដជានៅចាំ កញ្ញា ឈីន រតនៈ ដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ ជាក់ជាពុំខាន ដោយនាងគឺជាបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំខាងលើ។
ឈីន រតនៈ ចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះល្បីឡើងបន្តិចម្ដងៗរហូតមកដល់បច្ចុប្បន្នមានមហាជនទទួលស្គាល់រូបនាងគឺជាតារាចម្រៀងមួយរូប ជាពិសេសកាលពីពេលកន្លងមក រតនៈ ក៏ធ្លាប់បង្ហាញខ្លួនចូលរួមប្រកួតប្រជែងកម្មវិធីប្រឡងចម្រៀងដ៏ធំមួយទៀតគឺ I Am a Singer Cambodia ហើយនាងក៏ជាបេក្ខជនដ៏លេចធ្លោឈានដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ។
ទោះបីជាពេលនេះ ឈីន រតនៈ មិនអាចក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីលំដាប់ពិភពលោកណាមួយក៏ពិតមែន ប៉ុន្ដែអាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឈីន រតនៈ បានប្រឡូកយ៉ាងពេញដៃនៅក្នុងវិស័យចម្រៀង ហើយបទចម្រៀងប៉ុន្មានបទចុងក្រោយរបស់នាង គឺសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីមហាជន តួយ៉ាងដូចជាបទ «ត្រឹមអ្នកស្គាល់គ្នា» និង បទ «ក្រមុំដេកយំមេម៉ាយដើរសើច» ជាដើម។
ការបោះជំហានពីក្មេងស្រីធម្មតារហូតក្លាយជាតារាចម្រៀងដូចក្ដីស្រមៃ មានគេស្គាល់ដល់ពេលនេះ ឈីន រតនៈ ក៏ស្មានមិនដល់ដែរថាខ្លួនឯងអាចមកដល់ចំណុចនេះ។ រតនៈ រៀបរាប់ថា ៖ «អង្គុយមើលរូបខ្លួនឯង ពេលខ្លះមិននឹកស្មានថាខ្លួនឯងអាចធ្វើបាន ពីក្មេងស្រីរូបមិនស្អាតម្នាក់តែមានក្តីស្រមៃខ្ពស់ ចង់ក្លាយជាតារាតាំងពីក្មេង ទោះគេសើចចំអក បង្អាប់យ៉ាងណា មើលងាយយ៉ាងណាក៏មិនខ្វល់ សំខាន់នៅតែតស៊ូរហូតមានថ្ងៃនេះ»៕