អ្នកគាំទ្រភ័យណាស់! Han So Hee ត្រូវបញ្ចូនសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយត្រូវរបួសមុខ
ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រភ័យតក់ស្លុតជំនួសមិនស្ទើរ ក្រោយនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នេះ តារាស្រី Han So Hee ត្រូវបានគេឱ្យដឹងថា កំពុងតែចូលបន្ទប់សង្រ្គោះបន្ទាន់ ដោយាសារតែរងរបួសមុខធ្ងន់ធ្ងរ ខណៈកំពុងតែសម្តែងរឿង Gyeongseong Grinch។
តាមព័ត៌មានបានឱ្យដឹងថា តារាស្រី Han So Hee បានប្រទះឧប្បទ្ទវហេតុ ដែលបណ្តាលឱ្យរងរបួសមុខ ខណៈដែលនាងកំពុងសម្តែងឈុត Action នៅក្នុងរឿងភាគ «Gyeongseong Grinch»។ ក្នុងនោះ ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ដោយសារតែរបួសត្រូវជិតភ្នែក Han So Hee ប្រហែលជានឹងអាចត្រូវទទួលការវះកាត់ថែមទៀត ដើម្បីឆាប់បានជាសះស្បើយ និងធានាសុវត្ថិភាពផងដែរ។
យ៉ាងណាមិញ រឿងភាគ «Gyeongseong Grinch» ដែលតារាស្រីរូបនេះត្រូវសម្ដែង គឺមានឈុត Action ច្រើនណាស់ ទើបត្រូវជួបហានិភ័យគ្រោះថ្នាក់ច្រើន តែឥឡូវនេះ ការថតសម្តែងទាំងឡាយរបស់នាង ក៏ត្រូវបានផ្អាកសិនហើយដែរ ដោយគេរង់ចាំរហូតដល់តារាស្រី Han So Hee ជាសះស្បើយវិញសិន ទើបបន្តថតតទៀត។
ដោយឡែក ចំពោះបញ្ហានេះ ផលិតកម្ម 9ATO ជាទ្រនំរបស់ Han So Hee ក៏បានចេញមុខមកបកស្រាយផងដែរថា Han So Hee ពិតជាបានប្រទះឧប្បទ្ទវហេតុ នៅពេលដែលនាងថតសម្តែងរឿង «Gyeongseong Grinch» ពិតមែន ប៉ុន្តែអាការរបស់នាងមិនបានធ្ងន់ធ្ងរ ដូចជាមហាជនគិតទេ។ ហើយភ្លាមៗនោះ នាងក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលផងដែរ តែវាមិនដល់ថ្នាក់ទទួលការវះកាត់ឡើយ៕