(វីដេអូ) រំជួលចិត្ត! Gubgib នាំកូនៗ លោតកញ្ឆេង រត់ឱបប្ដី ក្រោយបែកគ្នាជិត ១ ឆ្នាំ
ជារឿយៗ គេសង្កេតឃើញថាគ្រួសាររបស់តារាស្រី Gubgib និង តារាប្រុស Bie Kpn ហាក់ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលមិនរំលងឡើយ។ ពិសេស គ្រប់គ្នាតែងសរសើរមិនដាច់ពីមាត់ថា Gubgib នាងជាតារាស្រីដែលមានសំណាងបានស្វាមីមិនត្រឹមតែសង្ហាទេ ថែមទាំងជាអ្នកមាន និង យល់ចិត្តថែមទៀតផង។
យ៉ាងណាមិញ អ្វីដែលគួរឱ្យសរសើរចំពោះតារាស្រីរូបនេះជាទីបំផុតនោះគឺ បើទោះបីជាឃ្លាតស្វាមីអស់ជិត ១ ឆ្នាំក៏ដោយ តែនាងដើរតួនាទីជាភរិយា និង ជាម្តាយដ៏ល្អក្នុងការមើលថែកូន ខណៈដែលស្វាមីមិននៅនាពេលកន្លងមក។
ដោយឡែក ថ្មីៗនេះ តារាស្រី Gubgib បានធ្វើឱ្យមហាជនរំជួលចិត្តតាមនាងជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះវីដេអូរបស់ខ្លួនដឹកដៃកូនស្រីទាំងពីរទៅទទួលស្វាមីទាំងអារម្មណ៍រំជួលចិត្តនៅព្រលានយន្តហោះនោះ។
ទិដ្ឋភាពនៅព្រលានយន្ដហោះពេលនោះ មហាជនសង្កេតឃើញថា វាពិតជារំភើបខ្លាំងណាស់ ពោលគឺ Gubgib បានហក់ទៅឱបស្វាមីនៅចំពោះមុខមនុស្សជាច្រើន ដោយមិនខ្វល់មនុស្សជុំវិញឡើយ ហាក់បង្ហាញពីក្តីនឹករលឹកខ្លាំង ដែលនាង និង កូន មានទៅកាន់ស្វាមី៕