កំពុងសម្រុកលើសិល្បៈ និង ជំនួញ តារាចម្រៀងទាំងនេះ ហាក់មិនខ្វល់រឿងជីវិតគូ
ក្រឡេកទៅមើលក្នុងរង្វង់សិល្បៈ អ្នកសិល្បៈជាច្រើន បានសម្រេចចិត្តរៀបការសាងគ្រួសារ និង មានទាយាទស្នងត្រកូលកំពុងរស់នៅយ៉ាងមានសុភមង្គល ប៉ុន្តែបើងាកទៅចាប់អារម្មណ៍តារាចម្រៀងស្រីប៉ុន្មានដួង បើទោះបីជាមានវ័យជ្រេៗប្រមាណ ៣០ ទៅ ៤០ ឆ្នាំ អស់ហើយក៏ដោយ នៅតែមិនទាន់សម្រេចចិត្តរៀបការសាងគ្រួសារ ហើយសូម្បីតែគូស្នេហ៍ក៏មិនទាន់ឃើញបើកបង្ហាញផងដែរ ដោយឃើញថាកំពុងប្រើជិវីតនៅលីវយ៉ាងរីករាយ និងមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ព្រមទាំងមុខជំនួញផ្ទាល់ខ្លួន។ តារាចម្រៀងស្រីទាំងប៉ុន្មានដួងនេះរួមមាន៖
១. ផន ស្រីខួច
តារាចម្រៀងស្រីដ៏ប្រជាប្រិយភាពមួយរូបក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ វ័យក៏ជ្រេបន្តិចហើយដែរ ប៉ុន្តែចាប់តាំងពីលេចឮធ្លាប់ជួបស្នេហ៍ខកបំណងម្ដងហើយ គេក៏មិនដែលឃើញ នាងបង្ហាញពីទំនាក់ទំនងស្នេហានឹងបុរសណាម្នាក់ទៀតឡើយ។
២. សុខ ពិសី
តារាចម្រៀងស្រីដែលជាគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្មសាន់ដេរូបនេះ កន្លងមកនាងក៏ពុំធ្លាប់ឃើញបង្ហើបថាមានគូស្នេហ៍កំណាន់ចិត្តនោះទេ ដោយសព្វថ្ងៃឃើញថា នាងប្រើប្រាស់ជីវិត Single យ៉ាងមានក្ដីសុខ។ លើសពីនេះ នាងក៏កំពុងមានមុខជំនួញពេញក្នុងដៃ ចំណែកឯរូបសម្រស់វិញ ហាក់កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
៣. លាង សុផាឡែន
តារាចម្រៀងស្រី លាង សុផាឡែន ឃើញថាបច្ចុប្បន្នដ្បិតតែអាយុកាន់តែដើរលឿនទៅមុខមែន ប៉ុន្ដែបើងាកទៅមើលចាប់អារម្មណ៍ជីវិតស្នេហារបស់នាងវិញ គឺមិនធ្លាប់បានឃើញនាង គិតគូររឿងគូជីវិត ឬបើកបង្ហាញថាមានគូស្នេហ៍នៅឡើយទេ។
៤. អ៊ីវ៉ា
តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា គេសង្កេតឃើញថាជាច្រើនកន្លងមកនេះ ក៏មិនទាន់មានដំរួយណាមួយនិយាយពីរឿងចូលរោងការ ឬបង្ហាញទំនាក់ទំនងស្នេហាជាមួយនឹងបុរសរូបណានៅឡើយដែរ ដោយនៅតែប្រើជីវិតម្នាក់ឯងយ៉ាងមានសេរីភាព ថែមទាំងបង្កើតមុខជំនួញលក់អនឡាញយ៉ាងកាក់កប់ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។
៥. វី ឌីណែត
បើនិយាយពីជីវិតស្នេហារបស់ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ កាលពីកន្លងទៅនាងក៏ធ្លាប់ឃើញបង្ហើបខ្លះៗដែរទាក់ទងនឹងរឿងស្នេហា ប៉ុន្តែមកដល់ពេលនេះ នាងហាក់ស្ងប់ស្ងាត់វិញ ដែលមិនទាន់ឃើញបើកបង្ហាញចំណងស្នេហ៍នឹងបុរសរូបណាទេ ឃើញថាកំពុងផ្ដោតខ្លាំងនឹងការងារសិល្បៈ ព្រមទាំងមុខជំនួញផ្ទាល់ខ្លួន។
៦. រ៉ាប៊ី
តារាចម្រៀងស្រីក្រមិចក្រមើមគួរឱ្យស្រឡាញ់ កញ្ញា រាប៊ី សព្វថ្ងៃមិនត្រឹមតែសម្បូរប្រជាប្រិយភាពខ្លាំងក្នុងវិស័យចម្រៀងនោះទេ រាប៊ី ក៏ជាស្រីស្អាតមានសម្រស់ទាក់ទាញក្រសែភ្នែកបុរសៗមិនតិចទេដែលចង់បានរូបនាងជាគូស្នេហ៍ ប៉ុន្តែមកដល់នេះ គេក៏ពុំទាន់ឃើញថានាងបើកចិត្តស្វែងរកម្ចាស់បេះដូង ឬគិតគូររឿងជីវិតគូរបស់នាងម្ដងឡើយ។
៧. យូរី
ចំពោះ តារាចម្រៀងស្រីរូបសម្រស់ យូរី មិនខុសពីតារាស្រីខាងលើដែរ ឃើញថាបច្ចុប្បន្នកាន់តែមានសន្ទុះការគាំទ្រខ្លាំងក្នុងវិស័យសិល្បៈ ប៉ុន្តែចំពោះជីវិតស្នេហារបស់នាង គេក៏ពុំដែលឃើញកញ្ញាបើកបង្ហាញចំណងស្នេហ៍នឹងបុរសរូបណានៅឡើយដែរ៕