អ្នកគាំទ្រថាឱ្យមួយចុក ពេលអតីតប្តី Angela Baby ចេញមុខអួតរឿងប្រសប់មើលថែកូន
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Huang Xiaoming បានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដោយបានយកលើកមកបង្ហាញរឿងភាគថ្មីចំនួន ២ គឺរឿង «The Lurker» និង «Rose War» ដែលគ្រោងនឹងចាក់ផ្សាយនៅចុងឆ្នាំ ២០២២នេះ។ ប៉ុន្តែក្នុងនោះដែរ ក៏មានរឿងភាពយន្តថ្មីរបស់លោក ដែលកំពុងចាក់បញ្ចាំងតាមរោងកុនក្នុងប្រទេសចិនផងដែរ។
នៅក្នុងខ្សែភាពយន្តនេះ គឺថតនៅទីក្រុង Wuhan ដោយបង្ហាញពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ហើយលោក Huang Xiaoming បានដើរជាតួឪពុកដែលត្រូវមើលថែកូនប្រុសតែម្នាក់ឯង ខណៈដែលប្រពន្ធជាគ្រូពេទ្យជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
ចូលដល់ចំណុចរសើបនេះ ស្រាប់តែតារាប្រុសរូបនេះ បានលើកយកកូនប្រុសតូចអាយុ ៥ឆ្នាំរបស់លោក យកមកប្រៀបធៀប នឹងទាញយកបទពិសោធន៍ពីភាពជាឪពុកមានតួនាទីមើលថែកូន។
ភ្លាមនោះ លោកបាននិយាយពីបទពិសោធន៍នៃការថតកុននេះឡើងថា៖ «ការដើរតួជាឪពុក ខ្ញុំដឹងពីភាពភាពឆ្គាំឆ្គង និង មិនចាំបាច់ត្រូវការជំនួយក្នុងការមើលថែក្មេង ដោយសារតែខ្ញុំមានកូនស្រាប់។ គ្រាន់តែប្រមូលអារម្មណ៍ធ្វើតាមសាច់រឿងប៉ុណ្ណោះ»។ ហើយថែមទាំងនិយាយអួតថា៖ «ខ្ញុំពូកែនិយាយលួងលោមក្មេងៗណាស់»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតមិនពេញចិត្តនឹងការលើកឡើងរបស់ Xiaoming ហើយបានរិះគន់គាត់ថា «ជាកិត្តិយសណាស់» សម្រាប់ការចិញ្ចឹមកូនប្រុសរបស់គាត់។ ព្រោះពាក្យសម្តីរបស់តារាប្រុសរូបនេះ ធាតុពិតលោកមិនបាននៅជាមួយកូនប្រុសបានញឹកញាប់ទេ ដោយសារតែរវល់ការងារ។
រហូតដល់អ្នកលេងបណ្តាញសង្គមមួយចំនួន បានសួរតបថា៖ «តើ Angelababy ជាអ្នកមើលថែកូនទេ?» និង «តើលោកមានបទពិសោធន៍អ្វីខ្លះ?» ផ្សេងទៀត «ខ្ញុំគិតថាខ្ញុំមិនដែលឃើញលោកមើលថែកូនផង» ជាដើម។
គួររំឭកផងដែរ លោក Huang Xiaoming និង អ្នកនាង Angela Baby អ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៥ ប៉ុន្តែចុងក្រោយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនៅតែបរាជ័យ ដោយបានប្រកាសលែងលះគ្នា កាលពីខែមករា ឆ្នាំ២០២២ ដោយមានកូនប្រុស Little Sponge អាយុ ៥ ឆ្នាំម្នាក់ជាចំណងដៃ៕