មួយជីវិតរៀបការម្ដង Aire រើសឈុតដែលប្រណីត និង មានតម្លៃបំផុត
បន្ទាប់ពីសង្សារបណ្ដូលចិត្តលោក Ice Athichan លុតជង្គង់សុំរៀបការកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ នៅថ្ងៃខាងមុខដ៏ខ្លីនេះ តារាសម្ដែងស្រីក្រមិចក្រមើមនាង Aire Phanthila ក៏ត្រៀមខ្លួនចូលរោងការដូចគ្នា។
កាលពីពេលថ្មីៗនេះ តារាស្រី Aire ក៏ទើបតែបានចេញមកបង្ហោះរូបសំបុត្រការ ដែលបានធ្វើយ៉ាងស្រស់ស្អាតត្រៀមនឹងយកទៅអញ្ជើញភ្ញៀវកិត្តយសចូលរួមមង្គលការរបស់នាងនៅថ្ងៃទី ១៧ ខែកក្ដដា ឆ្នាំ ២០២២ ខាងមុខនេះ។
ជិតនឹងដល់ថ្ងៃរៀបការ តារាស្រី Aire Phanthila និង សង្សារ ហាក់បានរៀបចំ និង ចាត់ចែងយ៉ាងយកចិត្តទុកដាក់មិនថា ការរចនាសំបុត្រឱ្យមានភាពស្រស់ស្អាត និង ការជ្រើសរើសឈុតថ្ងៃមង្គលនោះទេ។
តួយ៉ាងកាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Aire បានចេញមកបង្ហាញឈុតកូនក្រមុំដែលនាងត្រៀមពាក់ក្នុងថ្ងៃការយ៉ាងស្រស់ស្អាតដោយធ្វើឱ្យមហាជនមានការសរសើរជាខ្លាំង។
ជាមួយនឹងឈុតដ៏ប្រណីតនេះដែរ តារាស្រី Aire ក៏បានចំណាយពេលមកច្រើនខែដូចគ្នាទម្រាំតែត្រូវចិត្ត។ ក្នុងនោះ តារាស្រីរូបនេះបានទម្លាយថា ៖ «តាមពិតទៅ នាងបានចំណាយពេលមកច្រើនខែណាស់ ក្នុងការជ្រើសរើសឈុតដែលស្អាត ហើយសមនឹងថ្ងៃមង្គលការនាង ហើយនៅទីបំផុតនាងអាចរកឃើញមែន។
ក្នុងមួយជីវិតរៀបការមានតែម្តងទេ ដូចនេះនាងត្រូវតែជ្រើសរើសឈុតណាដែលប្រណីត និង មានតម្លៃបំផុត ទោះបីថ្លៃប៉ុណ្ណាក៏នាងមិនខ្វល់ដែរ សំខាន់ឱ្យតែស្រស់ស្អាត និង ធ្វើឱ្យនាងសប្បាយចិត្ត»៕