ព្រឺសម្បុរ! គ្រាន់តែ Cheer រំឭកឈ្មោះ Tangmo នៅក្នុងកម្មវិធីនេះភ្លាម ស្រាប់តែដាច់ភ្លើងភ្លឹប
បើទោះបីជាបានចាកលាលោកឆ្ងាយពីសាច់ញាតិបងប្អូន និង មិត្តភក្តិហើយក៏ដោយ តែឈ្មោះ និង សកម្មភាពរបស់តារាស្រី Tangmo នៅតែដក់ជាប់ក្នុងដួងចិត្ត និង ត្រូវបានមហាជនមិត្តភក្តិរំឭកឈ្មោះរបស់នាងឡើងជានិច្ច។
ដោយឡែក ថ្មីៗនេះ មហាជនពិតជាភ្ញាក់ផ្អើល និង លាន់មាត់ព្រឺសម្បុរគ្រប់គ្នា បន្ទាប់ពីបានឃើញវីដេអូមួយរបស់តារាស្រី Cheer ចូលនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដោយគ្រាន់តែនិយាយរំឭកដល់ឈ្មោះតារាស្រី Tangmo ភ្លាម ស្រាប់តែធ្វើឱ្យភ្លើងក្នុង Studio ចាប់ផ្តើមភ្លឹបភ្លែតភ្លាម ធ្វើឱ្យម្នាក់ៗនៅក្នុងកម្មវិធីងាកមើលមុខគ្នាក្នុងក្រសែភ្នែកភ្ញាក់ផ្អើលខ្លាំង។
ជាក់ស្តែង គេសង្កេតឃើញភ្លើងចាប់ផ្តើមភ្លឹបភ្លែត ខណៈពេលដែល Cheer បានឆ្លើយទៅនឹងសំណួររបស់ពិធីករ និង ពិធីការិនីនៅក្នុងកម្មវិធីដែលបានសួរថា តើ Cheer ស្គាល់ និង មានភាពជិតស្និទ្ធជាមួយ Tangmo ប៉ុនណា ព្រោះកន្លងមកឃើញ Cheer ចេញមុខផ្តល់សម្ភាសមករហូត ចាប់តាំងពី Tangmo បាត់បង់ជីវិតមក?
ភ្លាមនោះ Cheer ក៏បានតបថា នាង និង Tangmo ស្គាល់គ្នាចាប់តាំងពីប្រកួតកម្មវិធីមួយជាមួយគ្នាមកម៉្លេះ រហូតធ្វើឱ្យនាងមានឱកាសសម្តែងរឿងជាមួយគ្នាបន្តបន្ទាប់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ Cheer ក៏ទម្លាយថា និស្ស័យ Tangmo និង នាងគឺស្រដៀងគ្នា ចូលចិត្តលេងសើច និង មានស្ទីលតែងខ្លួនប្រុសៗដូចគ្នា ហើយរឿងដែលនាងខូចចិត្តជាទីបំផុត មិនគួរណាមនុស្សស្មោះត្រង់ និង ល្អដូចជាតារាស្រី Tangmo បែរជាមកជួបរឿងអកុសលបែបនេះឡើយ។
យ៉ាងណាមិញ ពាក្យប៉ុន្មានម៉ាត់ចុងដែល Cheer និយាយថា «មិនគួរណាមនុស្សស្មោះត្រង់ និង ល្អដូចជាតារាស្រី Tangmo បែរជាមកជួបរឿងដែលមិននឹកស្មានមួយនេះឡើយ» នេះហើយ ដែលភ្លើងក្នុង Studio ចាប់ផ្តើមភ្លឹបភ្លែត ធ្វើឱ្យម្នាក់ៗមើលមុខគ្នាពោលពាក្យព្រឺសម្បុរព្រាតនោះ៕