ទោះកំពុងលំបាក ខ្ញុង មិនឱបដៃឈរមើលពេលឃើញនាយ តាក់ស៊ី ធ្លាក់ខ្លួនឈឺធ្ងន់
តារាកំប្លែង នាយ តាក់ស៊ី កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាលព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ខណៈអាការៈជំងឺរបស់នាយលើកនេះ ត្រូវការបញ្ចូលឈាមជាច្រើន ធ្វើឱ្យក្រុមគ្រួសាររបស់នាយ បង្ហោះសារអំពាវនាវដល់សប្បុរជនមេត្តាឱ្យជួយបរិច្ចាគឈាមឱ្យប្ដីផង។
នៅថ្ងៃទី ៦ ខែកក្ដដា ឆ្នាំ ២០២២ ទំព័រហ្វេសប៊ុកឈ្មោះ Neay Taxi ដែលប្រពន្ធតារាកំប្លែងរូបនេះជាអ្នកប្រើប្រាស់បានឱ្យដឹង ពេលនេះនាយ តាក់ស៊ី ជាប្ដីកំពុងឈឺធ្ងន់ធ្ងរណាស់ និង ត្រូវការបញ្ចូលឈាមជាច្រើនប្លោកជាបន្ទាន់។
ឃើញសភាពនាយ តាក់ស៊ី ដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាចែករំលែកសារនោះ ព្រមទាំងជូនពរឱ្យនាយឆាប់ជាសះស្បើយ។ ចំណែកឯអ្នកសិល្បៈ និង សប្បុរជនមួយចំនួន ក៏បានចូលរួមជួយជាថវិកាតាមលទ្ធភាពទុកគ្រាន់ នាយ តាក់ស៊ី ព្យាបាលជំងឺ។
ដោយឡែកបើងាកទៅមើលតារាកំប្លែង នាងខ្ញុង ដែលជាមិត្តធ្លាប់រួមការងារជាមួយគ្នាវិញ នាងក៏មិនបានឱបដៃឈរមើលឡើយ ពោលគឺនាង និង នាយកៃដ បានជួយថវិកាចំនួន ១០០ ដុល្លារដល់ នាយ តាក់ស៊ី ទុកគ្រាន់ព្យាបាលជំងឺ បើទោះបីជានាងកំពុងជាប់មានបំណុលរុំកោះក៏ដោយ៕