ទីបំផុត! Weir ទម្លាយរូបបំពាក់ចិញ្ចៀនឱ្យគូស្នេហ៍ថ្មីជាផ្លូវការ រង់ចាំតែថ្ងៃចូលរោងការទេ
បន្ទាប់ពីបង្ហើបជាសាធារណៈអំពីមុខមាត់គូស្នេហ៍របស់តារាសម្ដែងប្រុសរូបសង្ហា Weir Sukollawat កាលពីពេលថ្មីៗកន្លងមកនេះ។ ឃើញថាមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន ពិតជាមានការចាប់អារម្មណ៍ជាប់ចិត្តតាមដានយ៉ាងខ្លាំង អំពីរឿងរ៉ាវស្នេហារបស់គូស្នេហ៍ថ្មីរបស់លោក ដែលជានារីរូបស្រស់សោភាមួយរូប មានឈ្មោះថា Vicki ជាកូនស្រីអ្នកមានឋានៈប្រាក់លានម្នាក់នៅក្នុងប្រទេសថៃ ហើយថែមទាំងរៀនចប់អនុបណ្ឌិតនៅក្រៅប្រទេសទៀតផង។
ជាក់ស្ដែង កាលដូចជាកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ តារាប្រុស Weir Sukollawat បានបង្ហាញវត្តមានចូលរួមក្នុងព្រឹត្តិការណ៍មួយ ដោយបានចេញមុខប្រកាសផ្ទាល់មាត់នៅចំពោះមុខអ្នកសារព័ត៌មានថា លោកនឹងរៀបការជាមួយគូស្នេហ៍ថ្មី ដែលពួកគេនឹងត្រៀមចូលរោងការនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបង្ហើបទៀតថា ចង់មានកូនឆាប់ៗបន្ទាប់ពីរៀបការរួចទៀតផង។
យ៉ាងណាមិញ ចូលមកដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ ស្រាប់តែបានឃើញនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់តារាប្រុសរូបនេះ បានបង្ហោះរូបថតបំពាក់ចិញ្ចៀនរៀបការជូនទៅនារីដែលជាអនាគតភរិយារបស់លោក ដោយបានជាសាររៀបរាប់ថា៖ «ខ្ញុំធ្លាប់តែធ្វើរឿងនេះនៅក្នុងរឿងភាគ...ទីបំផុតខ្ញុំពាក់ចិញ្ចៀនពិតហើយ អរគុណរាល់ការជូនពរ រាល់ការលើកទឹកចិត្ត និងការគាំទ្រដែលអ្នកបានផ្ញើជូនពរដល់ពួកយើងទាំង ២។ សូមអរគុណទាំងអស់គ្នាណា៎ បាទ!!!»។
ជាមួយគ្នានោះ ក៏បានឃើញអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពក្នុងសិល្បៈរបស់តារាប្រុសរូបនេះ បានចូលមកបញ្ចេញមតិអបអរសាទរ និងសម្ដែងក្តីរីករាយចំពោះលោកយ៉ាងខ្លាំង ព្រោះថាការបង្ហាញទង្វើបែបនេះរបស់ Weir បញ្ជាក់ថា ថ្ងៃរៀបការដែលបានកំណត់ទុកនោះនឹងត្រៀមបង្ហាញជាផ្លូវការឆាប់ៗខាងមុខនេះ៕