ទម្លាយប្រវត្តិឧត្តមសេនីយ៍ខ្លាឃ្មុំ ស្វាមីសំណព្វចិត្តរបស់កំពូលតារាស្រី Pancake ដឹងហើយលាន់មាត់ថាមិនធម្មតា!
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃដែលមានជ័យបំផុតសម្រាប់គូស្នេហ៍របស់តារាស្រី Pancake ព្រោះជាថ្ងៃដែលតារាស្រីរូបនេះ បានចូលរោងការយ៉ាងពេញមុខពេញមាត់ហើយ បន្ទាប់ពីទាក់ទងមើលចិត្តសង្សារសំណព្វអស់រយៈពេលជាង ១០ ឆ្នាំកន្លងមក។
បើនិយាយប្រវត្តិរបស់ឧត្តមសេនីយ៍ខ្លាឃ្មុំ ស្វាមីតារាស្រីរូបនេះវិញ គេបានដឹងថា លោកមានឈ្មោះពិតថា Saksoonthorn Premanond និង មានអាយុ ៤៨ ឆ្នាំ កើតក្នុងត្រកូលមន្ត្រីរាជការថៃ ដែលមានឪពុកជាអតីតអគ្គនាយកអន្តោប្រវេសន៍ថៃ និង ត្រូវជាចៅប្រុសបង្កើតរបស់អតីតមេបញ្ជាការប៉ូលិសខេត្តនគរសុវណ្ណ។ ចំណែកឯ លោកតាខាងម្តាយរបស់លោកវិញ គឺជាមន្ត្រីក្រសួងសាធារណៈការ។ រីឯលោកយាយខាងម្ដាយរបស់លោក គឺជាអតីតគណនេយ្យករ។
ឧត្តមសេនីយ៍ Saksoonthorn ជាមនុស្សដែលស្រឡាញ់ការថតរូបតាំងពីក្មេង ដោយធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកថតរូប។ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅរៀននៅឯវិទ្យាល័យ Moutain View ក្នុងរដ្ឋ Utah អាមេរិក នៅអាយុ ១៦ ឆ្នាំ។
ក្រោយរស់នៅទីនោះ ៨ ឆ្នាំ លោកក៏បានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Los Angeles ហើយក៏បានធ្វើការជា Producer។ ក្រោយមកលោកក៏បានលាឈប់ពីតំណែងជាជំនួយការផ្ទាល់ខ្លួនរបស់ម្ចាស់ក្រុមហ៊ុន Tero មុនពេលចូលបម្រើក្នុងជួរមន្ត្រីរាជការ។ បច្ចុប្បន្នលោកមានតំណែងជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិ។
នៅដើមឆ្នាំ ២០២២ លោកបានរៀនចប់ថ្នាក់បណ្ឌិត ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស ក្រោយចំណាយពេលរៀនបន្តជាង ៧ ឆ្នាំ៕