ឃើញទង្វើបែបនេះ ទើបដឹងថាស្វាមី Chompoo ពិតជាគួរឱ្យស្រឡាញ់ខ្លាំង
ពិតជារឿងដ៏កម្រឃើញណាស់ សម្រាប់គ្រួសារត្រកូលអភិជនលំដាប់ប្រទេសថៃ Nott Visrut ដែលគេស្គាល់យ៉ាងច្បាស់ថា ជាស្វាមីដ៏ល្អរបស់កំពូលតារាស្រី Chompoo ក្នុងការដើរកម្សាន្តជាលក្ខណៈគ្រួសារជាមួយបងប្អូន ម្ដាយបង្កើត ដូចកាលនៅលីវ។ គេសង្កេតឃើញថា ចាប់តាំងតែមានគ្រួសារមានកូន លោក Nott Visrut ហាក់ពុំសូវបានដើរកម្សាន្តទៅណាមកណាជាមួយនឹងបងប្អូន និង ម្ដាយបង្កើតជាលក្ខណៈឯកជនឡើយ។
តួយ៉ាងថ្មីៗនេះ ក៏ស្រាប់សេដ្ឋីរូបនេះ បានបង្ហាញនូវវីដេអូ និង រូបភាពយ៉ាងស្និទ្ធសា្នលជាមួយនឹងក្រុមគ្រួសាររបស់ខ្លួន ដោយលោក Nott Visrut បានដើរតួជាបងប្រុសដ៏ល្អ ធ្វើជាតៃកុងឡានស៊េរីទំនើបដឹកម្ដាយ គឺលោកស្រី Uraiwan និង ប្អូនប្រុសសំណព្វចិត្ត Note Vises ដើរកម្សាន្ដ ណាត់គ្នាញុំាកាហ្វេ យ៉ាងរីករាយ។
ជាមួយនឹងឃើញទិដ្ឋភាពស្និទ្ធសា្នលនៃគ្រួសារអភិជនរូបនេះ សម្រាប់មហាជនហាក់មានក្ដីរំភើបចិត្តខ្លាំង ព្រោះវាជារូបភាពមួយដែលបង្ហាញថា Nott Visrut តែងតែគិតគូ និង រំលែកពេលវេលាសម្រាប់គ្រួសាររបស់ខ្លួន ទោះបីជាពេលនេះមានភារកិច្ចជាប់មើលថែប្រពន្ធកូនក៏ដោយ។
លើសពីនោះ មហាជនក៏បានលាន់មាត់ថា នេះជារូបភាព Saifah និង Bhayu នៅពេលធំឡើង ព្រោះថាមើលទៅលោក Nott Visrut និង Note Vises ពិតជាស្រឡាញ់គ្នាណាស់។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏សរសើរមិនដាច់ពីមាត់ថា Nott Visrut ពិតជាបុរសក្នុងក្ដីស្រមៃរបស់មនុស្សស្រីដទៃ ដែលចង់បាន ព្រោះរាល់ថ្ងៃលោកតែងតែធ្វើជាស្វាមីដ៏ល្អ សម្រាប់ភរិយា និងជាប៉ាៗដ៏ល្អ សម្រាប់កូនៗ ព្រមទាំងធ្វើជាកូនល្អ បងប្រុសល្អ នៅក្នុងគ្រួសារទៀតផង៕