អីយ៉ាស់! ស្ងាត់ៗផ្ទុះព័ត៌មាន GOT7 Youngjae មានស្នេហាជាមួយ Lovey ជាង ១ ឆ្នាំ
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ យោងតាមរបាយការណ៍របស់ Wikitree បានឱ្យដឹងថា Youngjae ដែលជាសមាជិករបស់ក្រុមចម្រៀងបុរសកូរ៉េខាងត្បូង GOT7 និង កញ្ញា Lovey ដែលជាតារាចម្រៀងទោល និង ជាអ្នកនិពន្ធបទចម្រៀងមួយរូប មានទំនាក់ទំនងស្នេហារយៈពេលមួយ ១ ឆ្នាំមកហើយ។
តាមការឱ្យដឹង តារាស្រីដែលកើតក្នុងឆ្នាំ ១៩៩៣ កញ្ញា Lovey មានអាយុបង Youngjae ដល់ទៅ ៤ ឆ្នាំឯណោះ។ របាយការណ៍មួយនោះក៏បានបន្ថែមទៀតដែរថា Youngjae ក៏ធ្លាប់បានអញ្ជើញនាងឱ្យចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីរបស់ GOT7 មានឈ្មោះថា «HOME COMING FANCON» ដែលបានប្រារព្ធឡើងនៅក្នុងខែឧសភាកន្លងទៅនេះដែរ។
ប្រភព Wikitree ក៏បានលើកឡើងទៀតថា Youngjae និង Lovey បានធ្វើការរួមគ្នានៅក្នុងអាល់ប៊ុម B-side Monitor ដែលមានចំណងជើងថា «Drive Me to the Moon» របស់ GOT7 ។ រីឯក្រេឌីតរបស់ Lovey ត្រូវបានដាក់ជាឈ្មោះពិតរបស់នាងដែលមានឈ្មោះថា Kim Hye Su នៅក្រោមបទចម្រៀងមួយនោះ។
យ៉ាងណាមិញ មកទល់ឥឡូវនេះ ផលិតកម្មរបស់តារាចម្រៀងទាំងពីរពុំទាន់ចេញមុខមកបកស្រាយពីចចាមអារ៉ាមមួយនេះនៅឡើយទេ មានតែរង់ចាំទស្សនាបន្ត៕