ក្រោយផ្ទុះរឿងឪពុក Best បង្គាប់ថ្លៃបណ្ណាការ ៩០ លានបាត ស្រាប់តែ Tong Tong ចេញមុខតបផាំង
ថ្មីៗនេះរឿងរ៉ាវស្នេហារបស់តារាប្រុសវ័យក្មេង Tong Tong និង តារាស្រី Best Kamsing ហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយអ្នកទាំងពីរបង្ហោះរូបភាពផ្អែមល្ហែម ក៏ដូចជាបង្ហាញសកម្មភាពស្នេហាជាញឹកញាប់នៅលើបណ្តាញសង្គមនាពេលកន្លងមក។
ជុំវិញទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្ហែមមួយនេះដែរ ឃើញថាមានមហាជនអ្នកគាំទ្រមិនតិចនាក់នោះទេ ដែលទទូចចង់ឱ្យអ្នកទាំងពីរមានថ្ងៃល្អជាមួយគ្នា។ ទន្ទឹមនឹងមហាជនទទូចចង់ឃើញថ្ងៃពិសេសស្ទើរគ្រប់គ្នា ស្រាប់តែឪពុករបស់តារាស្រី Best Kamsing បានបោះសម្តីថា លោកយកថ្លៃបណ្ណាការពី Tong Tong មិនក្រោម ៩០ លានបាតឡើយ។
ស្របពេលមហាជនផ្ទុះការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាចំពោះរឿងថ្លៃបណ្ណាការដ៏កប់ពពកដែលឪពុករបស់ Best Kamsing បានបោះសម្តីនោះ ស្រាប់តែថ្មីៗនេះ តារាប្រុសសង្ហារូបនេះចេញមុខទម្លាយដោយមិនលាក់បាំងនៅក្នុងបទសម្ភាសមួយថា មូលហេតុដែលឪពុករបស់ Best និយាយពាក្យនោះឡើង តាមពិតទៅគាត់គ្រាន់តែចំអន់លេងជាមួយលោកតែប៉ុណ្ណោះ ព្រោះគាត់ដឹងថាពេលនេះលោកមានប្រេនអាវខ្លួនឯង ដែលលក់ចេញក្នុងតម្លៃ ៧៧៩ បាត ប្រសិនបើលក់ចេញតែ ១០០០០០ អាវអី លោកអាចរកចំនូលបានមិនតិចជាង ៩០ លានបាតនោះឡើយ ដូច្នេះទើបគាត់ចំអន់លោកលេងបែបនេះ។
ក្នុងនោះ តារាប្រុសរូបនេះក៏បានបន្ថែមទៀតថា ចំណែករឿងរៀបការរបស់លោកជាមួយនឹងតារាស្រី Best Kamsing លោកមិនប្រញាប់អ្វីនោះទេ ទុកវាជារឿងអនាគតទៅមុខទៀតទៅចុះ សំខាន់លោកនឹងធ្វើឱ្យរាល់ថ្ងៃនេះ ឱ្យបានល្អបំផុត៕