ផ្ទុះការចាប់អារម្មណ៍ អ្នកប្រគល់ពានជូន សៃ ហ្វុន ជះភាពសង្ហាខ្លាំង អ្នកគាំទ្របវរកញ្ញាញ័របេះដូងព្រាត
កាលពីរាត្រីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រកួតបវរកញ្ញាភេទទី ៣ ដ៏ធំលំដាប់ពិភពលោក Miss International Queen បានបញ្ចប់ទៅរួចរាល់ហើយ ដោយក្នុងនោះកម្មវិធីបានរកឃើញម្ចាស់មកុដផងដែរ គឺបានទៅលើបវរកញ្ញមកពីប្រទេសហ្វីលីពីន នាង Faschia Ravena។
ដោយឡែក បើងាកមកមើលបវរកញ្ញតំណាងប្រទេសខ្មែរ កញ្ញា សៃ ហ្វុន ឯណេះវិញ ក៏មិនធម្មតាដែរ ដោយបេក្ខភាពរូបនេះបានបើកទ្វារឱ្យកម្ពុជាលើដំបូងក្នុងកម្មវិធី Miss International Queen មានសមត្ថភាពខ្លាំងអាចឈានជើងដល់វគ្គ ១១ នាក់ចុងក្រោយ ព្រមទាំងទទួលបានពានរង្វាន់ Miss Photogenic Award ទៀតផង។ ជាមួយនឹងការឈានដល់វគ្គកំពូលនេះ ពិតជាធ្វើឱ្យមហាជនខ្មែរសម្ដែងការអួតសរសើរចំពោះនាងគ្រប់ៗគ្នា។
ទន្ទឹមនឹងការឈ្នះពាន និង ឈានចូលដល់វគ្គ ១១ នាក់ចុងក្រោយនេះ មហាជនក៏ផ្ទុះការចាប់អារម្មណ៍ចំពោះអ្នកប្រគល់ពានរង្វាន់ជូនកញ្ញា សៃ ហ្វុន ផងដែរ។ សម្រាប់អ្នកប្រគល់ពានរូបនោះ មានឈ្មោះថា Raslan Mamlay ដែលជាតារាបង្ហាញម៉ូដជនជាតិរុស្សី ។
ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតនៃតារាបង្ហាញម៉ូដរូបនេះបានធ្វើឱ្យមហាជនជាច្រើន មិនថា ថៃ ឬ ខ្មែរ សុទ្ធសឹងតែលង់ស្នេហ៍ទាំងអស់ ដោយម្នាក់ៗលាន់មាត់សរសើរគ្រប់ៗគ្នាថាដូចរូបគំនូរ។ ដូចគ្នានោះ សម្រាប់ Raslan Mamlay មិនត្រឹមតែជាតារាបង្ហាញម៉ូដទេ តែតារាប្រុសរូបនេះក៏ជា Steamer , Beatboxer , Horse rider និង តារាសម្ដែងម្នាក់ផងដែរ៕