រកឃើញហើយ! ម្ចាស់មកុដ MUV ២០២២ បានទៅលើ Ngoc Chau មកពីខេត្តតៃនិញ
កាលពីថ្ងៃទី ២៥ ខែមិថុនា ការប្រកួតផ្តាច់ព្រ័ត្រនៃបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០២២ បានប្រព្រឹត្តនៅទីក្រុងហូជីមិញ។ ដោយម្ចាស់ជ័យលាភីបានទៅលើបវរកញ្ញា Nguyen Thi Ngoc Chau បានយកឈ្នះលើបេក្ខនារីចំនួន ៤០នាក់ បានក្លាយអ្នកគ្រងមកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២២នេះ។
គួររំឭកផងដែរថា បវរកញ្ញា Ngoc Chau បានកើតនៅឆ្នាំ ១៩៩៤ នៅខេត្តតៃនិញ (កម្ពុជាក្រោម)។ នាងធំឡើងក្នុងគ្រួសារដែលមានស្ថានភាពលំបាក។ ដោយសារតែឪពុករបស់នាងបានស្លាប់ ហើយម្ដាយរបស់នាងត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់កូនចំនួន ៣នាក់ តែម្នាក់ឯង។
បើទោះបីជាជីវភាពក្នុងគ្រួសារមិនសូវជាល្អក៏ដោយ Ngoc Chau នៅតែប្រឹងប្រែងបន្តការសិក្សារបស់នាង និងបានបញ្ចប់ការសិក្សាចេញពីសាកលវិទ្យាល័យ Ton Duc Thang។
យ៉ាងណាមិញ តាំងពីនៅរៀន Ngoc Chau នាងមានសុបិនចង់ក្លាយជាតារាបង្ហាញម៉ូដអាជីព។ ហើយជីវិតរបស់នាងបានផ្លាស់ប្តូរនៅពេលដែលនាងបានចុះឈ្មោះចូលរួមក្នុងកម្មវិធី «Vietnam’s Next Top Model ២០១៦» បានក្លាយជាកញ្ញាឯកនៃការប្រកួតនៅក្នុងឆ្នាំនោះ។ បន្ទាប់នាងក៏បានធ្វើការយ៉ាងសកម្មទាំងក្នុង និង ក្រៅប្រទេស។
មកដល់ឆ្នាំ ២០១៨ ស្រីស្អាតរូបនេះ បានគ្រងមកុដ Miss Supranational វៀតណាម ហើយត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតក្នុងកម្មវិធី Miss Supranational ២០១៩។ នៅទីបំផុត នាងបានជាប់ក្នុង Top 10 ជាមួយនឹងតំណែង Miss Supranational Asia ២០១៩។
ទោះជាយ៉ាងណា Ngoc Chau ក៏មានបំណងប្រាថ្នាចង់ចូលប្រកួតលើឆាកអន្តរជាតិម្តងនេះ ដោយនាងបានចុះឈ្មោះចូលរួមប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០២២។ ជាមួយនឹងរូបរាងស្ដង់ដារដ៏អស្ចារ្យ កម្ពស់ ១.៧៤ cm មកជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបដែលនាងមាន នៅទីបំផុត Ngoc Chau ក៏ដណ្តើមបានមកុដដោយជោគជ័យ៕