Yui Chiranan សេដ្ឋីអនឡាញលាក់មុខ មួយថ្ងៃៗរកលុយបានរាប់លាន មានរោងចក្រ និង ប្រេនក្នុងដៃសន្ធឹក
រំឭកដល់ឈ្មោះតារាស្រី Yui Chiranan ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ព្រោះនាងមិនត្រឹមតែជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះនៅក្នុងពិភពសិល្បៈថៃនោះទេ តែនាងក៏ជាអ្នកលក់អនឡាញល្បីម្នាក់ដែលរកចំណូលបានខ្ទង់លានបាតនៅក្នុងមួយថ្ងៃផងដែរ។
ជាពិសេស ថ្មីៗនេះតារាស្រីរូបនេះ ព្រមទាំងស្វាមីបានលេខមុខទម្លាយរឿងរ៉ាវជីវិតអនឡាញរបស់នាងនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ប្រាប់ដល់មហាជនដោយមិនលាក់បាំងថែមទៀតផង។ ជាក់ស្តែង ក្នុងនោះនាងបានទម្លាយថា ក្រៅពីការងារសិល្បៈ ពេលនេះនាងមានអាជីពមួយទៀតគឺលក់អនឡាញ ដែលអាជីពអនឡាញរបស់នាងអាចរកចំណូលបានខ្ទង់លានបាតឯណោះក្នុងមួយថ្ងៃ។
លើសពីនេះទៅទៀត នាងក៏បានទម្លាយបន្ថែមថា អាជីពមួយនេះនាងបានចាប់ផ្តើមឡាយលក់ដំបូងលក្ខណៈតូចតាចតែប៉ុណ្ណោះ តែដោយសារការព្យាយាម ពេលនេះនាងមានប្រេន និង រោងចក្រផលិតការបូបខ្លួនឯងហើយ។ ដោយឡែក សម្រាប់ប្រេនផ្ទាល់ខ្លួនដែលនាងមានក្នុងដៃនាពេលនេះរួមមាន ៖ ប្រេនចំណីអាហារ វ៉ែនតា កាបូប របស់របរប្រើប្រាស់ និង នាឡិកា ជាដើម។
យ៉ាងណាមិញ វាមិនមែនជារឿងចម្លែកនោះទេ ដែលគូស្វាមីរបស់អ្នកទាំងពីរក្លាយជាសេដ្ឋីវ័យក្មេងបែបនេះ ព្រោះក្រៅពីអាជីពជាតារាដែលអាចរកចំណូលបានច្រើនលើសលុបហើយ ពេលនេះអ្នកទាំងពីរថែមទាំងក្លាយជាអ្នកជំនួញអនឡាញល្បីថែមទៀត៕