សូមសរសើរ! សាយ ក្តោបតំណែងជាទូតសុឆន្ទៈនៃយុទ្ធនាការតាមដងទន្លេមេគង្គ ព្រោះចំណុចសំខាន់ទាំងនេះ
កាលពីពេលកន្លងមក មហាជននិយមតាមដានពីតារាចម្រៀង Original Song លោក សាយ ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងកូនកាត់ខ្មែរ-ឡាវ រូបនេះ មិនត្រឹមតែមានឈ្មោះបោះសំឡេងលើវិស័យសិល្បៈនោះទេ តែលោក សាយ ក៏ទទួលបានកេរ្តិ៍ឈ្មោះល្បីនៅក្នុងការងារសង្គម ដោយកាលពីអំឡុងចុងឆ្នាំ ២០២០ និង ដើមឆ្នាំ ២០២១ លោក សាយ បានបង្កើតកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ឬ «Run With Sai» ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លើសពីនោះនៅអំឡុងចុងឆ្នាំ ២០២១ ម្ចាស់បទ «ងប់ងល់» រូបនេះ ក៏បានបង្កើតកម្មវិធីរត់ម៉ារ៉ាតុន «Visual Run With Sai» ដើម្បីប្រមូលថវិកាជួយដល់អង្គការខ្វះខាតចំនួន ៣ ព្រមទាំងមានការចូលរួមការងារសង្គមជាច្រើនទៀតជាបន្តបន្ទាប់។
នៅដើមឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះដែរ លោក សាយ ក៏នៅតែបន្តចូលរួមកម្មវិធីសប្បុរសធម៌ និង ការងារសង្គមជាច្រើន។ ជាពិសេសនោះ លោក សាយ ក៏បានក្តោបតំណែងជាទូតសុឆ្ទនៈនៃយុទ្ធនាការ «តាមដងទន្លេងមេគង្គជាមួយ សាយ» ដែលរៀបចំឡើងដោយអង្គការ Oxfarm និង ដៃគូជំនួយមួយចំនួនទៀត ក្នុងគោលបំណងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ការជួយដល់ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃការផ្លាស់ប្តូររំហូរទឹក និង ការគំរាមកំហែងនៃការកើនឡើងដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។
ការទទួលបានតំណែងទូតសុឆន្ទៈនេះ លោក សាយ ត្រូវបានចាត់ទុកថាជាតារាចម្រៀង Original Song មុនដំបូងគេ ដែលបានចូលរួមយុទ្ធនាការ ដោយទទួលបានលទ្ធផលគាប់ប្រសើរនៃការផ្សារភ្ជាប់រវាង សាយ ទៅកាន់ដងទន្លេមេគង្គ ដូចជាការចូលរួមយល់ដឹងពីជីវភាពរបស់ពលរដ្ឋក្រីក្រ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ មានដូចជាស្រ្តី ជនពិកា ជនជាតិភាគដើម និង ក្រុមងាយរងគ្រោះរស់នៅអាស្រ័យទន្លេមេគង្គ និង ធនធានទឹកទន្លេនោះ។
លោក សាយ ដែលជាសិល្បករតែមួយរូបត្រូវបានជ្រើសតាំងជាទូតសុឆន្ទៈ នៃយុទ្ធនាការ «តាមដងទន្លេងមេគង្គជាមួយ សាយ» ក៏ព្រោះតែលោកគឺជាបុគ្គលដែលមានសក្តានុភាពខ្លាំងក្នុងការបំផុសបំផុលដល់យុវវ័យ ទៅលើការងាររបស់លោកកន្លងមក ទាំងការងារសិល្បៈ ការងារសង្គម និង នៅលើបណ្តាញសង្គមជាដើម។ នេះបើតាមការឲ្យដឹងពីលោកស្រី កែវ កណិកា ប្រធានគម្រោងបរិយាប័ន្ន ២ នៃ អង្គការ Oxfarm ប្រាប់មកកាន់ «ប្រជាប្រិយ»។
ជាងនេះទៅទៀត ក្រោយពីក្លាយជាទូតសឆន្ទៈនៃយុទ្ធនាការ ដែលបានរៀបចំឡើងរយៈពេលប្រមាណ ៤ ខែ តាំងពីអំឡុងខែមិនា ឆ្នាំ ២០២២ មកដល់ខែមិថុនា ឆ្នាំ ២០២២ សាយ ក៏បានបំពេញបេសកកម្មរយៈពេល ១០ ថ្ងៃ នៃដំណើរឆ្លងកាត់តាមរយៈដងទន្លេមេគង្គ ដោយឆ្លងកាត់ខេត្តចំនួន ៣ ដូចជា ខេត្តរតនគីរី ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ដោយលោក សាយ ក៏បានឱ្យដឹងថា នេះជាបទពិសោធថ្មីសម្រាប់លោក ដែលបានចុះទៅដល់សហគមន៍ជួបបងប្អូនរស់នៅតាមដងទន្លេ និង បងប្អូនជនជាតិភាគតិចផងនោះ។ ជាងនេះទៅទៀត គឺលោកបានឃើញនូវសម្បត្តិធម្មជាតិ អេកូទេសចរណ៍ និង ការយល់ដឹងនូវទំនៀមទំលាប់ អរិយធម៌ ជំនឿរបស់បងប្អូនរស់នៅតាមដងទន្លេ និង បងប្អូនជនជាតិភាគតិច ព្រមទាំងបានដឹងពីផលលំបាករបស់ពួកគាត់ទៀតផង។
សាយ ក៏បាមបន្ថែមថា ក្នុងនាមជាទូតសុឆន្ទៈនៃយុទ្ធនាការ «តាមដងទន្លេងមេគង្គជាមួយ សាយ» និង ក្រោយបានចុះទៅផ្ទាល់ហើយនោះ អ្វីដែលលោកនឹងបន្តធ្វើដើម្បីជួយដល់បងប្អូនរស់នៅទីនោះ គឺមានតែការចែករំលែក ផ្សព្វផ្សាយពីទន្លេមេគង្គ ក៏ដូចជាតំបន់អេកូទេសចរណ៍ធម្មជាតិមាននៅទីនោះ និង សំណូមពរដល់ប្រជាជនទាំងអស់ឱ្យចូលរួមធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍របស់បងប្អូនរស់នៅតាមដងទន្លេ ក៏ដូចជាបងប្អូនជនជាតិភាគតិច ដើម្បីជាផ្នែកនៃការជួយដល់សេដ្ឋកិច្ចរបស់ពួកគាត់៕