អ៊ុង សានសូជី ត្រូវគេបញ្ចូនទៅពន្ធនាគារហើយ រីឯទោសបើត្រូវគេកាត់ទាំងអស់ អាចនឹងជាប់រហូតដល់ ១៥០ ឆ្នាំ
តាមព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ា បានឱ្យដឹងថា លោកស្រី អ៊ុង សានស៊ូជី ដែលជាអតីតមេដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានពួករបបយោធាបញ្ចូនខ្លួនទៅពន្ធនាគារ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះហើយ។
យ៉ាងណាមិញ តាំងពីមានការរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ ២០២១ មក លោកស្រីត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះមួយកន្លែង ដែលគេមិនបានប្រាប់ព័ត៌មានច្បាស់លាស់ ហើយអាចចេញក្រៅបាននៅពេលដែលត្រូវឡើងតុលាការប៉ុណ្ណោះ។
ក្នុងនោះ លោកស្រី អ៊ុង សានសូជី ត្រូវបានតុលាការរបបយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១១ ឆ្នាំឯណោះ ដោយមានពីបទញុះញង់ឱ្យមានការបះបោរ ល្មើសវិធានការការពារកូវីដ និងល្មើសច្បាប់ទូរគមនាគមន៍ នាំចូលវិទ្យុទាក់ទង ព្រមទាំងមានបទជាច្រើនទៀត ដែលគេមិនទាន់បានពិចារណា ហើយបើសិនជាពិចារណា លោកស្រី អ៊ុង សានសូជី អាចនឹងជាប់ពន្ធនាគារជារួមរហូតដល់ ១៥០ ឆ្នាំឯណោះ។
យ៉ាងណាមិញ ពន្ធនាគារនេះ ត្រូវបានគេដឹងថា មានទីតាំងនៅក្នុងក្រុងណៃពិដោរ ហើយពួកយោធាបានសាងសង់កន្លែងឃុំពិសេសនៅក្នុងពន្ធនាគារនេះ សម្រាប់ដាក់លោកស្រី អ៊ុង សានសូជី ដាច់ដោយឡែកពីគេ។ ដោយឡែក តាមព័ត៌មានបានឱ្យដឹងទៀតថា លោកស្រីនៅមានសុខភាពល្អជាធម្មតា ហើយចំណែកស្មារតីវិញ ក៏នៅនឹងនររឹងមាំល្អណាស់ លោកស្រីនិយាយពិភាក្សាជាមួយអ្នកដែលពាក់ពន្ធយ៉ាងចិត្តត្រជាក់ មិនតក់ស្លុតអ្វីឡើយ៕