កូនអាយុមិនទាន់បាន ១ ខែផង បេនី យ៉ាំង ពោលទម្លាយរឿងក្នុងចិត្តទៅកាន់កូនប្រុស យ៉ាងក្តុកក្តួលចិត្ត
គិតមកដល់ពេលនេះ កូនប្រុសបណ្ដូលចិត្តរបស់តារាសម្ដែងស្រីរូបស្រស់ បេនី យ៉ាំង មានអាយុជិតមួយខែហើយ ខណៈអ្នកប្រុសតូច លី អាន ហៅ Corsin រូបនេះ បានសម្រាលពីផ្ទៃម្ដាយឃើញពន្លឺព្រះអាទិត្យប្រកបដោយសុវត្ថិភាពនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។
បេនី យ៉ាំង ស្រឡាញ់មើលថែរក្សាតំណក់ឈាមដំបូងមួយនេះ ប្រកបដោយការយកចិត្តទុកដាក់ ផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅយ៉ាងពេញលេញ និង ថ្នាក់ថ្នមរូបគេបានយ៉ាងល្អបំផុត។ ចាប់តាំងពីសម្រាលមក បេនី យ៉ាំង តែងបង្ហាញសកម្មភាពនៅក្បែរថែទាំកូនតូចដោយផ្ទាល់សឹងមិនឱ្យឃ្លាតពីដៃឡើយ ទោះបីជាអ្នកម៉ាក់រូបនេះមានមុខជំនួញដ៏មមាញឹកត្រូវគ្រប់គ្រងក៏ដោយ។
យ៉ាងណាមិញនៅសុខៗ បេនី យ៉ាំង ស្រាប់តែទម្លាយរូបថតចាស់ៗរបស់នាងជាច្រើនបង្ហាញពីការតស៊ូធ្វើការងារសព្វគ្រប់ទម្រាំមានបានដូចសព្វថ្ងៃ។ ក្នុងនោះ បេនី យ៉ាំង ក៏ឆ្លៀតសរសេរសារប្រាក់ទៅកូនប្រុសដែលមានអាយុមិនទាន់ដល់ ១ ខែផងថា ៖ «គ្មាននរណាម្នាក់អាចកែប្រែជីវិតរបស់យើងបាននោះទេ ក្រៅពីខ្លួនយើង»។ ក្នុងសារដដែលនោះនាងក៏បានរៀបរាប់បន្ថែមក្នុងអត្ថន័យថា ៖ «កូនសម្លាញ់ Corsin ម៉ាក់ម្នាក់នេះនឹងរឹងមាំដើម្បីតែកូនម្នាក់គត់ ម៉ាក់មិនស្ថិតនៅក្រោមសម្ពាធរបស់នរណាម្នាក់ទេ»៕