ឃុំ ប៉ុណ្ណាដែត បង្ហើបចង់វិលចូលសិល្បៈវិញ ក្រោយផ្អាកច្រៀងជាង ១៥ ឆ្នាំ
បើគិតមកដល់ពេលនេះ រយៈពេលជាង ១៥ ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងក្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ក្រោយចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយអ្នកនាង យក់ ឋិតរដ្ឋា ក្នុងអំឡុងឆ្នាំ ២០០៦។
ម្យ៉ាងវិញទៀត សព្វថ្ងៃនេះគេសង្កេតឃើញថា តារាប្រុសរូបនេះ និង ភរិយា កំពុងសំងំសាងគ្រួសារ មើលថែកូនៗ និង បង្កើតមុខជំនួញក្នុងដៃជាច្រើននោះ ប៉ុន្តែមួយរយៈនេះ ឃើញថាអ្នកនាង យក់ ឋិតរដ្ឋា បានឈានជើងចូលក្នុងវិស័យសិល្បៈវិញហើយ ដែលបានចេញបទចម្រៀងថ្មីៗ ចំណែកឯលោកវិញពុំទាន់ឃើញបង្ហាញវត្តមានក្នុងវិស័យចម្រៀងនេះនៅឡើយទេ។
ដោយឡែក ថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងពីមហាជន ខណៈបានឃើញបណ្ដាញសង្គមសិល្បករកម្ពុជា បានជួបសម្ភាសជាមួយ លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា ដែលអតីតតារាចម្រៀងប្រុសរូបនេះ បាននិយាយរៀបរាប់ឱ្យដឹងថា ពេលនេះ លោកកំពុងមានបំណងចង់វិលចូលវិស័យចម្រៀងវិញ ដោយមានគម្រោងចង់ធ្វើបទចម្រៀងថ្មីសម្រាប់បណ្ដាអ្នកគាំទ្ររបស់លោកផងដែរ។
ក្នុងកិច្ចសម្ភាសនោះ លោក ឃុំ ប៉ុណ្ណាដែត បាននិយាយរៀបរាប់ថា ៖ «ចិត្តចង់ចូលសិល្បៈវិញ ប៉ុន្តែខ្លាច ពេលវេលាមិនអំណោយផល តែព្យាយាម ឥឡូវនេះកំពុងតែគិតថាចង់ធ្វើបទចម្រៀង ឬធ្វើអ្វីថ្មីសម្រាប់ឱ្យអ្នកគាំទ្ររបស់ខ្ញុំ ក៏ដូចជាទស្សនិកជនគាំទ្រផងដែរ»៕