Brad Pitt ទម្លាយអំពីស្ថានភាពជីវិត ក្រោយបានលែងលះ Angelina Jolie
ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយ អំពីទំនាក់ទំនងរវាងតារាសម្ដែងស្រីហូលីវូដដ៏មានប្រជាប្រិយភាព លោកស្រី Angelina Jolie បានលែងលះដាច់ស្រេចជាមួយនឹងអតីតស្វាមីរបស់អ្នកស្រី គឺលោក Brad Pitt កាលពីឆ្នាំ ២០១៩ បន្ទាប់ពីអ្នកស្រីបានបំពេញឯកសារលែងលះចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
យ៉ាងណាមិញ ក្នុងការបង្ហាញខ្លួនរបស់លោកនៅក្នុងទស្សនាវដ្តី GQ ជាភាសាអង់គ្លេស ដែលបោះពុម្ភផ្សាយសម្រាប់ ខែកក្កដា និង ខែសីហា លោក Brad Pitt បានទម្លាយពីអារម្មណ៍ក្នុងខ្លួន និង ស្ថានភាពជីវិតរបស់លោកក្រោយលែងលះជាមួយអ្នកស្រី Angelina Jolie។
យោងតាមសម្ដីរបស់តារាសម្តែងវ័យ ៥៩ ឆ្នាំ លោក Brad Pitt បានសម្រេចចិត្តផ្ដាច់ការសេពសុរានៅក្នុងឆ្នាំ ២០១៦។ លោកបានបន្ថែមថា បន្ទាប់ពីបានលែងលះជាមួយនឹងអ្នកស្រី Angelina Jolie លោកបានចំណាយពេលរយៈពេល ១៨ ខែដើម្បីចូលរួមប្រជុំយ៉ាងទៀងទាត់ជាមួយនឹង «Alcoholics Anonymous» ដែលជាអង្គការអន្តរជាតិមួយដែលជួយអ្នកដែលមានបញ្ហាជាមួយនឹងគ្រឿងស្រវឹង។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលចូលរួមក្នុងកិច្ចប្រជុំមួយនោះ គឺពួកគេត្រូវតែប្រកាន់ខ្ជាប់នូវការលះបង់ និង ចៀសឆ្ងាយពីសារធាតុដែលអាចធ្វើឱ្យប៉ះពាល់សុខភាពទាំងអស់។
លើសពីនេះទៅទៀតនោះ លោក Brad Pitt មិនត្រឹមតែឈប់ប៉ះពាល់ជាមួយនឹងគ្រឿងស្រវឹងនោះទេ តារារូបនេះក៏សម្រេចចិត្តបោះបង់ការជក់បារីផងដែរ បើទោះជាលោកបានជក់បារីសឹងតែមួយជីវិតរបស់លោកទៅហើយក្ដី។ បន្ថែមពីលើនេះ លោក Brad Pitt បានបង្ហើបថា លោកបានឈប់ជក់បារីក្នុងអំឡុងពេលដែលរាតត្បាតជម្ងឺកូវីដ-១៩ ដោយសារតែលោកបានគិតថា ខ្លួនដល់អាយុមួយដែលមើលឃើញថា ការជក់បារីគឺគ្មានប្រយោជន៍អ្វីទាល់់តែសោះ។
យ៉ាងណាមិញ ចំណែកឯ វិធីសាស្រ្តរបស់លោកក្នុងការផ្ដាច់បារី គឺលោកបានជំនួសការជក់បារី ដោយការទំពារស្ករកៅស៊ូដែលគ្មានជាតិនីកូទីនវិញ៕