លែងខ្វល់ច្រើន! សាន់ ឆាយ ប្រាប់ត្រង់ៗរឿងមូលហេតុរៀបការលើកទី ២ ធ្វើឡើងសាមញ្ញ
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ តារារ៉េបកូរ៉េ និងជាផលិតករ លោក Koo Jun Yup ឬ DJ Koo បានបង្ហោះរូបថតមួយចំនួនចែករំលែកនៅលើបណ្តាញសង្គម ដែលជារូបថតក្នុងពិធីមង្គលការរបស់លោក និង តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ដែលត្រូវអ្នកគាំទ្រស្គាល់ថាជា សាន់ ឆាយ តួឯកស្រីក្នុងរឿង «ស្នេហា ៤ដួង»។
បើតាមចុះផ្សាយរបស់ Sina បានរាយការណ៍ឱ្យដឹងថា ពិធីមង្គលរបស់តារាទាំងពីរ គឺត្រូវបានធ្វើឡើងយ៉ាងសាមញ្ញ ដោយគ្រាន់តែរៀបចំជប់លៀងជាមួយនឹងក្រុមគ្រួសារ និង មិត្តភក្តិជិតស្និទ្ធនៅក្នុងវិស័យសិល្បៈកម្សាន្តរបស់ពួកគេប៉ុណ្ណោះ។
ជាមួយគ្នានោះ បើតាមការបង្ហើបរបស់តារាស្រីរូបនេះ ទាក់ទងនឹងរឿងរៀបការបានឱ្យដឹងថា នាង និង DJ Koo មិនបានគិតចង់រៀបចំមង្គលការធំដុំ និងមានកូនជាមួយគ្នានោះទេ។ ដូច្នេះហើយ ទើបបានជាពិធីមង្គលរបស់ពួកគេគឺមើលទៅសាមញ្ញ និង លឿនបែបនេះ។ ជំនួសមកវិញ អ្នកទាំងពីរគ្រាន់តែបានសាក់រូបចិញ្ចៀនគូ នៅលើនាងដៃរៀងខ្លួន ដើម្បីបញ្ជាក់តំណាងនៃចិញ្ចៀនរៀបការ ទុកជាចំណងដៃស្នេហារបស់ពួកគេទាំងពីរ៕