ម្តាយ Pancake ដាច់ចិត្តប្រាប់មូលហេតុហើយ រឿងសម្រេចចិត្តឱ្យកូនរៀបការ ក្នុងវ័យ ៣៤ ឆ្នាំ
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ Pancake Khemanit តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ បានដឹកដៃគូស្នេហ៍ដែលជាឧត្តមសេនីយ៍ ចូលរោងការហើយ ក្រោយមើលចិត្តគ្នាអស់ជាង ១០ ឆ្នាំ។
គូស្វាមីភរិយាមួយគូនេះ គឺជាគូដែលមហាជនទន្ទឹងរង់ចាំអស់ពេលជាយូរ ព្រោះតែអ្នកទាំង ២ សក្តិសមគ្នា ហើយជាមនុស្សមានមុខមាត់ក្នុងសង្គមដូចគ្នា មិនថាលើការអប់រំ ឬអាជីពការងារនោះឡើយ។
ថ្មីៗនេះដែរ ម្តាយរបស់តារាស្រី Pancake បានចូលផ្តល់បទសម្ភាសន៍ ទម្លាយរឿងរ៉ាវជាច្រើនទាក់ទងនឹងការយល់ព្រមឱ្យកូនស្រីរៀបការ ជាមួយនាយឧត្តមសេនីយ៍ Saksoonthorn ឬហៅក្រៅថា ខ្លាឃ្មុំ។
សំណួរ៖ «ហេតុអ្វីបានជាឱ្យកូនៗ មើលចិត្តគ្នាយូរដល់ជាង ១០ ឆ្នាំ ទើបព្រមឱ្យរៀបការ?»
ចម្លើយ៖ «តាមពិតទៅ ម៉ែមិនដែលគិតថានឹងយូរដល់ថ្នាក់នេះទេ ហើយក៏មិនដែលចង់បណ្តោយឱ្យវាតាមពេលដែរ។ រឿងទាក់ទងគ្នាយូរនេះ ម៉ែក៏ធ្លាប់បានសួរអ្នកដែលធ្លាប់មានបទពិសោធន៍ កូនទាក់ទងគ្នាយូរទើបរៀបការ ហើយទទួលបានចម្លើយដែលធ្វើឱ្យម៉ែឡើងព្រឺសម្បុរ។ ដោយគេបានប្រាប់ម៉ែថា នៅពេលដែលវាមកដល់ ម៉ែនឹងដឹងដោយខ្លួន ហើយថ្ងៃនោះគឺបណ្តោយតាមនិស្ស័យទៅ។ ហើយថ្ងៃនោះក៏មកដល់ពិតមែន ដោយកូនប្រសារមកសុំកូនស្រីពីម៉ែជាលើកទី ២ ហើយម៉ែក៏មិនមានអ្វីសម្រាប់ឃាត់ឃាំងពួកគេទៀតទេ។ ដោយកាលពី ៣-៤ ឆ្នាំមុន ខាងកូនកំលោះក៏ធ្លាប់សុំរៀបការម្តងហើយ តែម៉ែបដិសេធ ដោយម៉ែគិតថាមិនទាន់ដល់ពេល ចង់ឱ្យកូនរៀនឱ្យចប់សិន ទើបមានពេលវេលាសាងគ្រួសារ មិនចង់ឱ្យចំណងគ្រួសារ ជាបញ្ហាក្នុងការរៀន ឬកូនត្រូវគិតគូរទទួលបន្ទុកច្រើន។ លុះគ្រាន់តែកូនស្រីរៀនចប់ភ្លាម ម៉ែឆ្លើយព្រមភ្លាម ព្រោះគ្មានអ្វីត្រូវជាបន្ទុកតទៀត ហើយម៉ែក៏ទៅដេញពេលារៀបការ បានថ្ងៃល្អ យ៉ាងលឿនដូចគ្នា ហើយពួកយើងគ្រប់គ្នាក៏ត្រៀមខ្លួនរួចរាល់ ព្រោះមិនមានកាតព្វកិច្ចផ្សេងត្រូវបំពេញ ដែលជាហេតុថ្ងៃការកូនម៉ែជ្រើសថ្ងៃ ១០ មិថុនា ឆ្នាំនេះ»។