Kem រំភើបចិត្តដល់ថ្នាក់លាន់មាត់ ពេលបានកាដូពិសេសពីនារីរូបនេះ
ចាប់តាំងពីពេលដែលក្លាយខ្លួនជាតារាសម្ដែងប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ មក គេឃើញតារាប្រុស Kem Hussawee ហាក់ក្ដាប់បានឱកាសការងារច្រើន និង សាងកេរ្តិ៍ឈ្មោះយ៉ាងល្បីសុសសាយក្នុងរយៈពេលត្រឹមប៉ុន្មានឆ្នាំ។
ថ្វីដ្បិតតែជាតារាពន្លកថ្មី ទើបប្រឡូកចូលក្នុងវិស័យសិល្បៈទាន់នឹងដល់ ១០ ឆ្នាំមែន តែតារាប្រុសរូបនេះបានវិវឌ្ឍន៍ខ្លួនបានយ៉ាងរហ័ស និង ក្លាយជាតារាដួងចិត្តរបស់មហាជនថែមទៀតផង។
ទន្ទឹមនឹងភាពជោគជ័យនេះ Kem ក៏ទទួលបានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃដូចគ្នា Ning Panita។ សម្រាប់តារាស្រី Ning Panita អាចនិយាយបានថាអ្នកម្ដាយទី២ របស់ Kem ដោយហេតុតែនាងតែងណែនាំ និង បណ្ដុះបណ្ដាលតារាប្រុស Kem រហូតមានកេរ្តិ៍ឈ្មោះដល់បច្ចុប្បន្ន។
សម្រាប់ Kem វិញ ពិតជាស្រឡាញ់គោរពដល់តារាស្រី Ning ជាខ្លាំងណាស់ ដល់ថ្នាក់លោកហៅថា «ម៉ែ» ទៀតផង។ ដោយឡែកថ្មីៗនេះ ស្រាប់តែតារាស្រី Ning បានទិញស្បែកជើង ប៉ាត់តា មួយគូយ៉ាងស្រស់ស្អាតជូនជាកាដូទៅឱ្យតារាប្រុស Kem ដែលធ្វើឱ្យអ្នកកំលោះ Kem រំភើបចិត្តជាខ្លាំង។
ជាមួយគ្នានោះ Kem ក៏បានបង្ហោះរូប និង សារអរគុណចំពោះតារាស្រី Ning ផងដែរថា ៖ « មិនដឹងថាគួរនិយាយបែបម៉េចទេ អរគុណអ្នកម៉ែ Ning Panita ស្រឡាញ់ម៉ែណាស់»។ លើសពីនោះ ងាកទៅមើលតារាស្រី Ning ក៏បានបង្ហោះរូបឆ្លើយតបទៅតារាប្រុស Kem វិញថា ៖ « នេះជាកាដូសម្រាប់ការចាប់ផ្ដើមការងារថ្មី សូមដើរទៅមុខបន្តឱ្យបានជោគជ័យណា រង់ចាំជួយជានិច្ច អរគុណដូចគ្នាសម្រាប់កន្លងមកដែលធ្វើខ្លួនជាក្មេងល្អ»៕