DJ Koo រង់ចាំអស់ ២៤ ឆ្នាំ ហើយនៅតែរក្សាទុករឿងមួយនេះ ទម្រាំបានរៀបការជាមួយ សាន់ ឆាយ
បើនិយាយដល់រឿងជីវិតគូស្នេហ៍ថ្មីរបស់តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ហៅ សាន់ ឆាយ និង តារារ៉េបកូរ៉េ DJ Koo ដែលអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ យ៉ាងលឿន ក្រោយពីពួកគេបានប្រកាសរៀបការនឹងគ្នា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
ដូចដែលប្រិយមិត្តបានដឹងមកហើយ សាន់ ឆាយ បានសម្រេចលែងលះជាមួយនឹងអតីតស្វាមីរបស់នាង ជាអ្នកជំនួញទ្រព្យស្តុកមួយរូបក្នុងប្រទេសចិន កាលពីចុងឆ្នាំ ២០២១ ហើយថ្មីៗកន្លងទៅនេះតារាស្រីរូបនេះ ក៏បានរៀបការថ្មីម្ដងទៀតជាមួយនឹង DJ Koo ដែលត្រូវបានគេស្គាល់ថាជាអតីតមិត្តប្រុសរបស់នាង កាលពីជាង ២០ ឆ្នាំមុន។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ DJ Koo បានចែករំលែករូបភាពស្បែកជើងមួយគូ ជាមួយនឹងសារសរសេរជាអត្ថន័យស្នេហា ដូច្នេះថា ៖ «ទោះបីជាពួកយើងរៀបការយឺតមែន ប៉ុន្តែពួកយើងនឹងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលដូចស្បែកជើងគូស្នេហ៍មួយគូនេះ»។
លើសពីនេះ DJ Koo ក៏ធ្លាប់បានបង្ហើបពីទំនាក់ទំនងរបស់អ្នកទាំងពីរ នៅក្នុងកម្មវិធីកម្សាន្តមួយរបស់កូរ៉េថា ៖ «ពួកយើងបានទុកលេខទូរស័ព្ទគ្នាទៅវិញទៅមកអស់រយៈពេល ២៤ ឆ្នាំមកហើយ»។ ចំពោះការរៀបការឆាប់រហ័សនេះ ក៏ដោយសារតែអ្នកទាំងពីរមានវ័យច្រើនហើយ មិនខ្ជះខ្ជាយពេលវេលា ទើបត្រូវសម្រេចចិត្តរៀបការភ្លាមៗ៕