តាំងពីផ្ទុះរឿងផ្ទួនៗ សឿ សុធារ៉ា បង្ហោះសារប្លែកៗជាប់ លើកនេះផុសរឿងស្នេហ៍ពិតស្នេហ៍កម្ម ផ្អើលអ្នកគាំទ្រ
មួយរយៈចុងក្រោយនេះ តារាសម្ដែង សឿ សុធារ៉ា បានបង្ហោះសារប្លែកៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនសូវសល់ថ្ងៃ ដោយក្នុងអត្ថន័យសារនីមួយៗហាក់ដូចជាមនុស្សកំពុងជួបវិបត្តិស្នេហ៍ ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ។
តួយ៉ាងថ្មីៗនេះ សឿ សុធារ៉ា ទើបតែបង្ហោះសារថ្មីមួយទៀតនៅលើបណ្ដាញសង្គមត្អូញត្អែរពីរឿងរ៉ាវស្នេហា ថាជាតិនេះនាងបានជួបស្នេហ៍ពិតហើយ តែបែរជាស្នេហ៍កម្មទៅវិញ។ ពិតណាស់ សារដែល សឿ សុធារ៉ា បង្ហោះនោះបានសរសេររៀបរាប់ថា ៖ «បងជាច័ន្ទ តែអូនជាព្រះអាទិត្យ មួយខំរះដល់លិច ច័ន្ទរះព្រងើយ ក្នុងជាតិនេះ ខ្ញុំបានយល់ស្នេហ៍ពិតហើយ តែអនិច្ចាអើយ ស្នេហ៍ខ្ញុំគឺជាកម្មស្នេហ៍ Goodbye»។
នេះមិនមែនជាលើកដំបូងទេដែលគេឃើញ សឿ សុធារ៉ា បង្ហោះសារសោកសៅដូចមនុស្សកំពុងជួបរឿងស្នេហាមិនសមចំណង ម្យ៉ាងតាមរយៈពាក្យសម្ដីដែលតារាស្រីរូបនេះរៀបរាប់ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ថា នាងហាក់ដូចជាមិនសំដៅដល់លោក សាពូន មីដាដា ដែលជាអតីតស្វាមីឡើយ ព្រោះមួយរយៈមុនតារាស្រីរូបនេះ បានបង្ហោះសារក្ដែងៗប្រកាសនៅលើហ្វេសប៊ុកថា នាងបានលែងលះស្វាមីហើយ។
ដោយឡែកសម្រាប់ពាក្យត្អូញត្អែរដែល សឿ សុធារ៉ា បានបង្ហោះនៅលើហ្វេសប៊ុកក្នុងរយៈពេលចុងក្រោយនេះ នាងហាក់ដូចជាកំពុងលង់ស្នេហ៍បុរសម្នាក់ផ្សេងទៀត តែនេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនប៉ុណ្ណោះ ការពិតយ៉ាងណាមានតែរងចាំការបញ្ជាក់ពីសាមីខ្លួននៅពេលក្រោយ៕